(អាមេរិក)៖ អតីតមន្ត្រីទូត​ជាន់ខ្ពស់អាមេរិក​មួយរូប គឺលោក នីកូឡាស់ ប៊ឺនស៍ (Nicholas Burns) បានលើក​ឡើងថា អំឡុងពេលដែល​​សហរដ្ឋអាមេរិក និងប្រទេស​ចិន​ឈាន​ទៅ​រក​ការប្រកួតប្រជែង​ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះ មហាយក្សទាំងពីរ​នេះ​ក៏ត្រូវតែ​រៀន​សូត្រ​ពីវិធីសាស្ត្រក្នុងការ​សហការគ្នាផងដែរ ដើម្បី​តទល់នឹង​ការប្រកួតប្រជែងនានានៅលើ​សកលលោក​។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយ​នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Burns បានបញ្ជាក់​យ៉ាងដូច្នេះថា «អាមេរិក និងចិន ដែលបច្ចុប្បន្នកំពុងតែស្ថិត​នៅក្នុងការប្រកួត​ប្រជែងជាច្រើន​ នៃទំនាក់ទំនងទ្វេភាគីនោះ ប្រទេសទាំងពីរគួរតែរៀន​សូត្រពីរបៀបនៃ​ការ​ប្រកួតប្រជែង​ជាមួយគ្នា ក៏ដូចជាវីធីសាស្ត្រ​ធ្វើការងារជាមួយគ្នា​ផងដែរ...។ សហរដ្ឋអាមេរិក និងចិន គឺជាប្រទេស​សេដ្ឋកិច្ចធំៗបំផុត​លើលោក ដូច្នេះ​ទំនាក់ទំនង​​រវាងប្រទេសទាំងពីរនេះ គឺជារឿងសំខាន់​បំផុតដែលភាគីទាំងពីរ​ត្រូវតែគិតគូរ...។ ប្រទេស​ទាំង​ពីរនេះពិតជាទទួល​បន្ទុក​ច្រើនណាស់​ ចំពោះ​សន្តិភាព និងស្ថិរភាព​ពិភពលោក»។

គួរបញ្ជាក់ថា ក្រៅពី​ការ​ផ្តល់ដំបូន្មានជុំវិញ​សង្គ្រាមពាណិជ្ជកម្ម​រវាងអាមេរិក និងចិនខាង​លើនេះ លោក Burns ក៏បានរិះគន់ផង​ដែរ​​ចំពោះ​ទង្វើរបស់​អាជ្ញាធរ​អាមេរិក ដែល​បាន​រារាំងនិស្សិតចិន​មួយចំនួន មិនឲ្យសិក្សា​​មុខវិជ្ជាខ្លះដែល​ពួកគេស្រឡាញ់ ដោយអាមេរិក​​បានលើក​ហេតុផលថា វាជាការប៉ះពាល់ដល់​សន្តិសុខជាតិ។

លោក Burns បានសង្កត់ធ្ងន់ថា វាជារឿង​ដែលគ្រោះថ្នាក់ខ្លាំង​ណាស់ នៅពេល​អាមេរិក​ចាប់ផ្តើម​កំណត់ថា អ្នកណាខ្លះ​អាច​សិក្សានៅក្នុង​ប្រទេសនេះ និងអ្នកណាខ្លះ​ដែលមិនអាច​នោះ។ ការថ្លែង​របស់​លោក Burns ធ្វើឡើង​នៅ​ក្នុងឱកាស​នៃប្រារព្ធ​ខួប ៤០ឆ្នាំ នៃការបង្កើតទំនាក់ទំនង​ការទូត​រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕