(កំពង់ធំ)៖ ​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានប្រារព្ធពិធីបូកសរុបវាយតម្លៃការងារ​២០១៨ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ​២០១៩។

ពិធីនេះត្រូវបានធ្វើនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ទា ច័ន្ទលីដា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង ស្រុក ប្រធានអង្គភាពមន្ទីរនានា អាជ្ញាធរពាក់ព័ន្ធ​ជាច្រើនរូបទៀតផងដែរ។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរាយការណ៍សង្ខេបពីលទ្ធផលការងារកន្លងមក និងអំពីលទ្ធផលសម្រេចបានដែលជាសកម្មភាព កំពុងអនុវត្តជាប្រចាំ និងជាយុទ្ធសាស្ត្រត្រូវបានផ្ដោតសំខាន់លើ ការរៀបចំដែនដី និងការគ្រប់គ្រងដីធ្លី ព្រមទាំងបានដោះស្រាយទំនាស់ដីធ្លីដោយសន្តិវិ​ធី និងទៅតាមផ្លូវច្បាប់របស់រដ្ឋ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន។

លោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្ត បានថ្លែងថា ជាការពិតនៅក្នុងសមិទ្ធិផលរួមដ៏ធំធេងដែលរាជរដ្ឋាភិបាលបានសម្រេច គឺមានការរួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌការងារជំនាញផងដែរ។

អង្គសន្និបាតដែលបានរកឃើញ និងវិធានការដែលបានលើកឡើងសម្រាប់ការដោះស្រាយកង្វល់នានា ពាក់ព័ន្ធនឹងការពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដីធ្លីការងារ ដោះស្រាយវិវាទដីធ្លីការរៀបចំដែនដី និងនគរូបនីយកម្មការងារសំណង់ ការងារលំនៅដ្ឋាន រួមទាំងការងារសម្បទានដីសង្គមកិច្ច។ ដោយឡែក ចំពោះសំណូមពរ និងចំណុចដែលនៅសេសសល់លោកស្នើឲ្យក្រុមការងារ ធ្វើការកត់ត្រាទុកសម្រាប់ផ្នែកជំនាញពាក់ព័ន្ធ បន្តត្រួតពិនិត្យ និងរកដំណោះស្រាយ ជួយពេលខាងមុខនៅឆ្នាំ ២០១៩។

លោក ទា ច័ន្ទលីដា​ ក៏បានថ្លែងនូវការសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ។

ជាមួយគ្នានេះ លោក​បានដាស់តឿនដល់មន្ត្រីទាំងអស់ ត្រូវខិតខំអនុវត្តបន្ថែមទៀត នូវការអនុវត្តប្រកាស និងការណែនាំរបស់ក្រសួងកន្លងមក បន្តពង្រឹងការគ្រប់គ្រងសំណង់ និងដាក់ចេញនូវវិធានការទាន់ពេលវេលា ទប់ស្កាត់ បទល្មើសសំណង់​​គ្រប់ប្រភេទ ព្រមទាំងលើកទឹកចិត្តនៅស្ថាប័នស្ថាបត្យកម្ម ដែលមានរចនាបទខ្មែរ ពន្លឿនការដោះស្រាយដីធ្លី ដែលនៅសេសសល់តាមគ្រប់យន្តការ។

លោកស្នើរដ្ឋបាលខេត្ត ​បញ្ឈប់ការពិនិត្យ និងបញ្ជាក់លើឯកសារផ្ទេរសិទ្ធិ កាន់កាប់អចលនវត្ថុមិនទាន់ចុះបញ្ជីណា ដែលពុំមានជាប់គំនូសប្លង់ទីតាំងក្បាលដី មាននិយាមកាច្បាស់លាស់ បញ្ជាក់ទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី ដើម្បីរួមចំណែកទប់ស្កាត់ការកើតមានវិវាទដីធ្លីបន្ថែម។

ជាចុងក្រោយ លោកបានសំណូមពរដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយ​ប្ដេជ្ញាចិត្តការពារដីរដ្ឋ ​ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ក៏ដូចជាការទប់ស្កាត់សំណង់ខុសច្បាប់សំណង់គ្មានច្បាប់ ដើម្បីការពារឲ្យខាងតែបាននូវសារពើភ័ណ្ឌ ដូចបរិស្ថានស្រុក៕