(ភ្នំពេញ)៖ ពួនក្រាបៗនៅលើដំបូលផ្ទះរបស់គេបម្រុងលួចទ្រព្យសម្បត្តិ តែពុំទាន់បានធ្វើសកម្មភាពផង ជនសង្ស័យម្នាក់​ត្រូវ​ម្ចាស់ផ្ទះគេឃើញទាន់ ​ប្ដឹងទៅកម្លាំងនគរបាលឲ្យឃាត់ខ្លួនសាកសួរ នៅវេលាម៉ោង៤៖៣០នាទីទាបភ្លឺថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួលលេខ០៣៥ ផ្លូវលេខ៦០ ក្រុម៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងអំពើប៉ុនប៉ងលួចឈ្មោះ គួច សិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឧឬស្សីកែវ និងមានសារធាតុញៀនក្នុងខ្លួន។ ឯជនរងគ្រោះឈ្មោះ វណ្ណ យុន្នី ភេទប្រុស អាយុ៤០ឆ្នាំ រត់មុខរបរម៉ូតូឌុប ស្នាក់នៅផ្ទះជួលនាចំណុចកើតហេតុ។

តាមការរៀបរាប់ពីជនរងគ្រោះ មុនពេលកើតហេតុនៅយប់ទាបភ្លឺនោះ គេកំពុងតែដេកក្នុងផ្ទះ ស្រាប់តែឭសូរសំលេងឆ្កែព្រូស ក៏បើកទា្វរផ្ទះមកមើលឃើញ ជនសង្ស័យ​ពួនក្រាបៗនៅលើដំបូងផ្ទះ ទើប​ជនរងគ្រោះ​ ចាប់ផ្ដើមស្រែកឡើងផ្អើលឆោឡោថាចោរៗ ដល់អ្នកក្បែរជិតខាង និងកម្លាំងសមត្ថកិច្ច កំ​ពុងយាមល្បាតចេញមកអន្តរាគម៍ នាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១តែម្ដង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕​