(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ចំនួន៤នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ២គ្រឿង។

លោកវរសេនីយ៍ទោ អ៊ុង សឿន អធិការរងទទួលបន្ទុកគ្រឿងញៀនខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការតាមឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ក្នុងបទល្មើសប្រើប្រាស់ និងរក្សាទុកថ្នាំញៀន​ខាងលើនេះ ​នៅក្បែរដេប៉ូខ្សាច់តាហួ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកអធិការរង អ៊ុន សឿន បានបញ្ជាក់ទៀតថា ជនសង្ស័យទី១៖ឈ្មោះ ទើ ទីន ​អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ សូ រី​ អាយុ១៧ឆ្នាំ​ ជនសង្ស័យទាំង២នាក់ មុខរបរកសិករ មានទីលំនៅក្នុងភូមិកាយៀ ឃុំកាយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ, ទី៣៖ឈ្មោះ រុំ ម៉ាប់ ​​អាយុ៣៦ឆ្នាំ មុខរបរជាងឈើ មានទីលំនៅក្នុងព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង​ទី៤៖ឈ្មោះ ផៃ រត្ថនា​ អាយុ២៨ឆ្នាំ មុខរបរជាងឈើ មានទីលំនៅក្នុងភូមិព្រៃតាប៉ុក ឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកអធិការរងដដែលរូបនេះ បានឲ្យ​ដែរថា ក្រោយពីបង្ក្រាបក្រុមជនសង្ស័យទាំង៤នាក់ និងវត្ថុតាងថ្នាំញៀនចំនួន៣កញ្ចប់ ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ និងរក្សាទុកទាំងឡាយ នៅមានម៉ូតូចំនួន២គ្រឿងផងដែរ ត្រូវបាននាំមកសាកសួរនៅបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ចាត់ការតាមនិតិវិធី៕​