(ប៉ៃលិន)៖ លោក​ សេង សុវណ្ណារិទ្ធ អ្នកយកព័ត៌មានប្រចាំអង្គភាពសារព័ត៌មានកម្ពុជាថ្មី និងជាភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ ប្រចាំខេត្តប៉ៃលិន ត្រូវបានកោះហៅឲ្យចូលទៅកាន់ អយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ ដើម្បីបំភ្លឺជុំវិញបណ្តឹងរបស់ព្រះចៅអធិការវត្តមួយអង្គ ប្តឹងចោទប្រកាន់ពីបទ «បរិហារ បង្គាច់កេរ្តិ៍ជាសាធារណ:» ក្រោយលោក សេង សុវណ្ណារិទ្ធ បានចុះផ្សាយអត្តបទពាក់ព័ន្ធរឿងព្រះចៅអធិការវត្ត ចាប់រំលោភប្រពន្ធគេ។

យោងតាមដីកាកោះ របស់អយ្យកាអមសាលាដំបូងខេត្តប៉ៃលិន ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លើសំណុំរឿងព្រហ្មទណ្ឌលេខ១៦៥ អ.ក ចេញដោយលោក ថុល គឹមហ៊ឹង តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានកោះអញ្ជើញឈ្មោះ សេង សុវណ្ណារិទ្ធ (អ្នកកាសែត) ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក ដើម្បីសាកសួរពី ដំណើររឿងដែលព្រះចៅអធិការវត្តអូរប្រើស អ៊ុ មង្គល ប្តឹងអ្នកពីករណី បរិហារ បង្គាច់កេរ្តិ៍ជាសាធារណ: ប្រព្រឹត្តនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

យ៉ាងណាក៏ដោយ សម្រាប់ការចូលទៅបំភ្លឺនោះ ត្រូវបានតំណាងអយ្យការពន្យារពេលទៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩វិញ។

ជុំវិញការកោះហៅនេះ លោក សេង សុវណ្ណារិទ្ធ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បណ្តឹងខាងលើ ក៏ដូចជាការកោះហៅរបស់តុលាការនេះ លោកមិនបានបរិហារកេរ្តិ៍ ឬបង្កាច់បង្ខូចអ្វីនោះទេ ពោលលោកគ្រាន់តែចុះផ្សាយព័ត៌មាន ទៅតាមបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានប្តឹងព្រះសង្ឃ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ: ទៅលើប្រពន្ធរបស់គេ។

លោកបានបន្តថា បន្ទាប់ពីសម្ភាសន៍ជនរងគ្រោះរួច លោកក៏បានទាក់ទងសួរនាំទៅព្រះសង្ឃរួចរាល់ផងដែរ ថែមទាំងមានព្រះសង្ឃដីកាឆ្លើយបំភ្លឺទៀតផង។ លោកបញ្ជាក់ថា «បើសិនជាមានរឿង ប្រជាពលរដ្ឋប្តឹង ហើយមិនព្រមចុះផ្សាយ តើចាំបាច់ធ្វើជាអ្នកកាសែតធ្វើអី្វ ទៅរើសអេតចាយប្រសើរជាង ហើយខ្ញុំក៏ធ្វើតាមតែវិជ្ជាជីវ:តែប៉ុណ្ណោះ»

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃដដែលនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីព្រះតេជគុណបាននោះទេចំពោះរឿងរ៉ាវខាងលើ។ កាលពីតុលា ឆ្នាំ២០១៧ ខាងអាជ្ញាធរខេត្ត ក៏បានបង្កើតក្រុមការងារចុះទៅសួរនាំករណីនេះផងដែរ តែមិនទាន់បានចំណាត់ និងសម្រេចតើនរណាខុស ឬត្រូវនោះទេ៕