(វេណេស៊ុយអេឡា)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ថ្មី​ៗ​នេះបាន​ប្រកាស​ទទួលស្គាល់​មេដឹកនាំ​​បក្ស​ប្រឆាំង​នៃ​ប្រទេស វ៉េណេស៊ុយអេឡា លោក Juan Guaidó ជាមេដឹកនាំស្របច្បាប់ ព្រម​ទាំង​បាន​ជំទាស់​ចំពោះ​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​លោក Nicolás Maduro ។

ស្ថានភាព​នេះ​ជំរុញឱ្យមានការរំពឹងទុកថា សហរដ្ឋអាមេរិក​អាចធ្វើអន្តរាគមន៍នៅក្នុង​ប្រទេស ដែល​​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច និង​នយោបាយដ៏ធ្ងន់ធ្ងរ​កន្លង​មក ដែល​បាន​បណ្តាល​ឱ្យ​ប្រជាជន​ជួប​ប្រទះ​ភាព​អត់ឃ្លាន​រាប់​ពាន់នាក់ និង​គ្មាន​ឱសថ​ប្រើប្រាស់​។ ប្រជាជនប្រហែល ២៥០​ពាន់​នាក់ បានភៀសខ្លួនចេញពី​ប្រទេស​ដែល​​មាន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​មួយ​នេះ​ទៅកាន់​ប្រទេសជិតខាង ខណៈ​ដែល​​មាន​​មនុស្ស​រាប់ពាន់នាក់​ផ្សេង​ទៀត​បាន​ចាកចេញ​ពី​ប្រទេស​ជារៀងរាល់ថ្ងៃ។

កាល​ពី​ខែវិច្ឆិកា​កន្លង​ទៅនេះ ទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton បានថ្លែងសុន្ទរកថា ​ដោយ​បានហៅ វេណេស៊ុយអេឡាថាជាផ្នែកមួយនៃ "ភាពតានតឹង" របស់​ប្រទេស​លោកខាងលិច។ ជា​មួយ​គ្នា​នេះ លោក Trump បានប្រកាស​ថា "ជម្រើស​​ទាំង​អស់​ត្រូវ​បាន​លើក​មក​ពិភាក្សា​" ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រទេសវេណេស៊ុយអេឡា ដោយ​បដិសេធ​មិន​​ធ្វើ​អន្តរាគមន៍​​ដោយ​កម្លាំង​យោធា។

រហូតមកដល់ពេលនេះមិនមានសញ្ញា​ណាមួយ​បង្ហាញថា ​អាមេរិក ​គ្រោង​ធ្វើ​អន្តរាគមន៍​ដោយ​កម្លាំង​យោធា​នៅ​ឡើយ​។ ប៉ុន្តែការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្នុង​កិច្ចខិតខំប្រឹងប្រែងដើម្បីផ្តួលរំលំ​របប​លោក​ Maduroទំនងជា​ត្រូវ​បញ្ចប់ជាមួយនឹង​កម្លាំង​យោធាអាមេរិក ដែល​មាន​វត្តមាន​​ក្នុង​ប្រទេស​នេះ​អស់រយៈពេលជាយូរមកហើយ គ្រាន់​តែ​​ចាំ​មើល​​ថា​តើ​អ្នក​បង្កើត​គោលនយោបាយ គ្រោង​ធ្វើ​​រឿង​នេះ​ឬអត់។

* ការ​ព្យាយាម​របស់​អាមេរិក​ក្នុង​ផ្លាស់​ប្តូរ​របប​នយោបាយ​ជាទូទៅ​ច្រើន​តែ​បរាជ័យ

ថ្វី​បើ​អាមេរិក​ធ្លាប់​​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​​អំពី​បេសកកម្ម​ផ្លាស់ប្តូរ​របប​ដឹក​នាំ​នៅ​អាមេរិកឡាទីន​ក្តី ប៉ុន្តែ​ពួក​គេ​ កម្រ​នឹង​ទទួល​ជោគជ័យ​ណាស់​។ អ្នក​វិទ្យាសាស្ត្រ​នយោបាយ លោក Alexander Downes និង Lindsey O'Rourke បាន​ពន្យល់​​ហេតុផល​នានា​​ដែល​នាំ​ឱ្យ​ការ​ផ្លាស់​ប្តូរ​របប​ទំនង​ជា​មិន​មាន​អាច​ទៅ​រួច។ ការ​ផ្លាស់ប្តូររបប​នយោបាយ​ជាទូទៅអាចនឹងបរាជ័យ នៅពេលដែលមហាអំណាចខាងក្រៅ ព្យាយាម​បង្កើត​ស្ថាប័ន​អំណាច​ថ្មី​ក្នុង។ លទ្ធផល​ដែល​ទទួល​បាន​ភាគ​ច្រើន​គឺ​ការ​កើត​មាន​​សង្គ្រាម​ស៊ីវិល ដូច​ដែល​យើង​បាន​ឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់​ស្រាប់។

ការស្រាវជ្រាវថ្មីៗ​បានបង្ហាញថា ការ​អន្តរាគមន៍​អាមេរិក​ ដែល​ធ្លាប់​​​លូក​ដៃ​ជា​យូរ​ណាស់​មក​ហើយរបស់​ក្នុង​ប្រទេស វេណេស៊ុយអេឡា​នោះ កិច្ចខិតខំប្រឹងប្រែងបែបនេះ មិន​បាន​ទទួល​ផល​ល្អ​អ្វី​ក្រៅ​ពី​ធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងប្រទេសគោលដៅ​កាន់​តែ​អាក្រក់​ទៅ​ៗ​នោះទេ។ ជា​ការ​ពិត​វា​អាច​មានករណីមួយចំនួន ដែល​ការ​ធ្វើ​អន្តរាគមន៍​របស់​បរទេស​ទទួលបានជោគជ័យ ប្រទេសអាល្លឺម៉ង់ និង​ជប៉ុន​បន្ទាប់ពីសង្គ្រាមលោកលើកទី​២ ជា​ដើម ។ ប៉ុន្តែ​ភាព​ជោគជ័យ​ទាំង​នោះ បានបង្កើតឡើង ដោយ​សារ​​មាន​លក្ខខណ្ឌក្នុងស្រុក​ល្អ​ស្រាប់​ ​ចំណែក​ការិយាធិបតេយ្យ​ក៏​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​របប​លទ្ធិប្រជាធិបតេយ្យ​​ប្រកប​ដោយស្ថិរភាព។
ប៉ុន្តែ នៅពេលមានការ​​លូក​ដៃ​ដោយយោធា ការផ្លាស់ប្តូរបប​នយោបាយ​មិន​សូវ​ជា​ផ្តល់​លទ្ធផល​ល្អ​ឡើយ​។ ប្រជាពលរដ្ឋជារឿយៗ មិនសប្បាយចិត្តនឹងកងកម្លាំង​បរទេស​ដែល​​បាន​លូក​ដៃ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ពួកគេ បង្កើត​បាន​ជា​ចលនាប្រឆាំង ដែល​នឹងធ្វើឱ្យ​ប្រទេស​លូក​ដៃ​ធ្វើ​អន្តរាគមន៍​កាន់​តែ​ពិបាក​ក្នុង​ដើម្បី​ដកទ័ពរបស់ខ្លួន​ចេញ​។

* អ្នកបង្កើតគោលនយោបាយគិតថា ការ​ធ្វើ​អន្តរាគមន៍គឺ​ជា​រឿង​ងាយ ជា​ហេតុ​នាំ​​ឱ្យ​មាន​ភាព​ធ្វេសប្រហែស​ក្នុង​ការ​រៀប​ចំ​ផែនការ

សូម្បីតែអ្នកឯកទេសប្រទេស​មួយ​ចំនួន នៅ​តែ​ពិបាក​ក្នុងការយល់អំពីស្ថានភាពក្នុងដែនដី​បរទេស ឬ​មិន​អាច​ព្យាករណ៍​ទុក​ជា​មុន​​ថា​តើ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​គោលដៅ​នឹង​ឆ្លើយតបចំពោះអន្តរាគមន៍​ដោយ​របៀប​ណា​នោះ។ ភាពមិនប្រាកដប្រជា​លើ​បញ្ហា​នេះ អាចនាំឱ្យអ្នកបង្កើតគោលនយោបាយ​នៃ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ធ្វើការសន្និដ្ឋាន​ប្រកប​ដោយ​សុទិដ្ឋិនិយម អំពីការ​ធ្វើ​អន្តរាគមន៍របស់អាមេរិក​ថា​នឹង​សម្រេចបាន​ ជោគជ័យ​ទើប​ឈាន​ទៅ​រក​ការ​ជ្រើស​យក​មធ្យោបាយ​នៃ​ការ​អន្តរាគមន៍​ភ្លាម​ៗ​។

នៅ​ចាំ​បាន​ទេថា មេដឹកនាំ​អាមេរិកប៉ុន្មាននាក់ សូម្បីលោកអនុប្រធាន Richard B. Cheney ជាដើម ដែល​ហាក់​មាន​ភាព​ប្រាកដប្រជា​ជា​ខ្លាំង​ថា ប្រជាជន​អ៊ីរ៉ាក់​នឹងស្វាគមន៍សហរដ្ឋអាមេរិកថាជា «អ្នករំដោះ» ហើយមិនបានមើលឃើញពីការបែកបាក់គ្នា​ក្នុង​ប្រទេស​អ៊ីរ៉ាក់ រហូត​ឈាន​ទៅ​រក​សង្គ្រាមស៊ីវិលនោះ​ឡើយ។

អ្នកវិទ្យាសាស្ត្រនយោបាយ លោក Araon Rapport បានបង្ហាញថា នៅពេលដែល​​អ្នក​បង្កើត​គោលនយោបាយ​​ប្រឹង​ផ្តោត​អារម្មណ៍​ខ្លាំងពេក លើ​ការ​ព្យាយាម​ពង្រីកសក្តានុពល​ខ្លួន​ឯង​នោះពួកគេតែងតែមើលរំលងនូវបញ្ហា​ប្រឈមជាក់ស្តែង។ ការ​គិត​ខុសនៅក្នុងការវាយតម្លៃរបស់ពួកគេ ផ្តល់ឱ្យពួកគេ​​ហ៊ាន​​ទៅលើការសម្រេចចិត្ត​ភ្លាមៗ ដោយ​អ្នកបង្កើតគោលនយោបាយ​ទាំង​នោះ​ជឿជាក់ថា គោលដៅ​របស់​ពួកគេអាច​សម្រេច​បាន​យ៉ាងឆាប់រហ័ស និង​ចំណាយ​តិច។

​* បទ​ពិសោធន៍​ក្នុង​ប្រទេស​អ៊ីរ៉ាក់​អាច​បង្ហាញថា ការអន្តរាគមន៍​អាមេរិក នឹង​បាន​ផល​យ៉ាងដូចម្តេច?

ការស្រាវជ្រាវបង្ហាញថា ក្រោយពេល វត្តមាន​យោធា​ ទៅ​ដល់​ប្រទេស​ណា​មួយ ទើបអាមេរិក​អាចវាយតម្លៃពីស្ថានភាពមូលដ្ឋានបានត្រឹមត្រូវ និងវាស់​ស្ទង់​ថាតើវានឹងជួប​ការ​លំបាកបែប​ណាដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន។ ជារឿយៗ អ្នក​នៅ​មូលដ្ឋាន​ដែល​បើក​ដៃ​ដល់​បរទេស មិនមានសមត្ថភាព​គ្រប់​គ្រាន់​ដូចអ្នកបង្កើតគោលនយោបាយ បាន​រំពឹង​ទុក​នោះ​ទេ។ ពួក​មហា​អំណាច​ត្រូវ​​បង្កើត​មេ​ដឹកនាំ និង​ស្ថាប័ន​ក្នុងស្រុក បើ​មិន​ដូច្នោះ​ទេប្រទេសនេះ នឹងជួប​បញ្ហា​អស្ថិរភាព​ប្រកប​ដោយ​ភាព​គ្រោះថ្នាក់។ ​

យើងអាចមើលឃើញ​ឧទាហរណ៍​ជាក់​ស្តែង​ក្នុងករណី​នៃ​ការ​ផ្លាស់ប្តូររបប​នយោបាយ​ក្នុង​ប្រទេស អ៊ីរ៉ាក់។ អ្នករៀបចំផែនការ​របស់​អាមេរិក បានសន្មតថា បន្ទាប់ពីលោកសាដាមហ៊ូសេនត្រូវបានគេទម្លាក់ អាមេរិក​នឹង​បង្កើត​ការិយាធិបតេយ្យអ៊ីរ៉ាក់ ដើម្បីគ្រប់គ្រងអភិបាលកិច្ច ដើម្បី​អាមេរិក​អាចវិលត្រលប់មកផ្ទះវិញយ៉ាងឆាប់រហ័ស។ ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ការិយាធិបតេយ្យរដ្ឋាភិបាល​ដែល​បង្កើត​​ថ្មី​បែរ​ជា​ទន់ខ្សោយ ដែល​ត្រូវ​ការ​ពឹងផ្អែក​លើ​របប​ដឹកនាំ​​ចាស់​របស់​អតីត​ប្រធានាធិបតី​អ៊ីរ៉ាក់ លោក Hussein និង​ភាព​ជា​អ្នក​ដឹក​នាំ​​ដ៏​ខ្លាំង​របស់​លោក​ដើម្បី​​គ្រប់គ្រង​ប្រទេស​។ ដោយ​សហរដ្ឋអាមេរិកគ្មានផែនការបម្រុងទុក ជា​លទ្ធផល​អាមេរិក​ត្រូវ​បន្ត​វត្តមាន​រយៈ​ពេល​យូរ​ដើម្បីស្ថាបនារដ្ឋអ៊ីរ៉ាក់ឡើងវិញ៕