(ព្រះសីហនុ)៖ ក្នុងរយៈពេល២ខែចុងក្រោយនេះ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ សហការជាមួយអ្នកពាក់ព័ន្ធ បានចុះពិនិត្យការធ្វើអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្ដ្រៃយ៍ជនបរទេស ២,០៥២​គោលដៅ ដែលមានជនបរទេសសរុបរួម​៤០,៧៧០នាក់ ស្រី​៨,៣៨៧នាក់ ក្នុងនោះមាន​៥៧សញ្ជាតិ ដែលមានមុខរបរអាជីវកម្ម ចំនួន​២១ប្រភេទ​។

នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ដំបូង ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេសនាខេត្តព្រះសីហនុ របស់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ និងលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំនេះ​ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានដឹកនាំក្រុងការងារក្នុងយុទ្ធនាការ ចុះត្រួតពិនិត្យវត្តមានជនបរទេស​ បានបញ្ជាក់ថា ចំពោះការចុះត្រួតពិនិត្យវត្តមានជនបរទេស ក្រុមការងារគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ទទួលបានភាពជាក់លាក់តែទីតាំងគោលដៅអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្រ្តៃយ៍របស់ជនបរទេសតែប៉ុណ្ណោះ ចំពោះទិន្នន័យជាក់លាក់ពីចំនួនជនបរទេស​​ដែលស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងរបស់ខ្លួន ដោយកន្លែងខ្លះមានភាពលាក់លាមមិនផ្ដល់ទិន្នន័យ គឺបានត្រឹមតែ​៣០-៤០% និងកន្លែងខ្លះទៀត ទទួលបានត្រឹមតែ ៥០-៦០% តែប៉ុណ្ណោះ​។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ​បានថ្លែងកោតសរសើរ​ដល់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេស ដែលទទួលបានលទ្ធផលល្អប្រសើរ ទោះបីមិនទាន់សម្រេចបាន១០០ភាគរយក៏ដោយ តែសកម្មភាពនេះអាចជាការគំរូចាប់ផ្តើមសម្រាប់ខេត្តផ្សេងទៀតនៅទូទាំងប្រទេស។

អគ្គនាយកអន្ដោប្រវេសន៍រូបនេះ ក៏បានជំរុញដល់ក្រុមការងារបន្ត និងប្រឹងប្រែងបន្ថែមទៀត ក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសនេះ ជាពិសេស ជំ​រុញដល់ម្ចាស់ទីតាំង នាយក អគ្គនាយក នៃទីតាំងទាំងអស់​ត្រូវតែផ្ដល់ទិន្នន័យជាក់លាក់ នៃចំនួនជនបរទេស​ដែលស្នាក់នៅ និងបម្រើការងារ សំដៅងាយស្រួលក្នុងការគ្រប់គ្រង ហើយបើនៅតែមានការលាក់បាំង និងផ្ដល់ទិន្នន័យ​មិនជាក់លាក់ទៀត នឹងមានការអនុវត្តតាមផ្លូវច្បាប់។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់​ថា នៅពេលខាងមុខនេះ ក្រុមការងារនឹងរៀបចំកិច្ចប្រជុំ​ជាមួយម្ចាស់ទីតាំង នាយក អគ្គនាយក ទាំង​២,០៥២គោលដៅនេះ ដើម្បីសហការបានល្អជាមួយសមត្ថកិច្ច មិនលាក់លាម​ជនបរទេស និងការយល់ដឹងពីច្បាប់ដើម្បី​សុវត្ថិភាព និង​សម្រួលដល់ការធ្វើអាជីវកម្ម​វិនិយោគ នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្រុមការងារគាំទ្រ និងពង្រឹងរដ្ឋបាល ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨​ ​ដឹកនាំដោយ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ​រដ្ឋបាល ស្នងការដ្ឋាននគរបាល មន្ទីរការងារ មន្ទីរពាណិជ្ជកម្ម និង​មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ដោយបាន​ចុះពិនិត្យ​សិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានជុំវិញបញ្ហានានាដែលបាន និងកំពុងកើតឡើងនៅខេត្តព្រះសីហនុ សំដៅគាំទ្រ និងព្រងឹងរដ្ឋបាលខេត្ត នៅក្នុងការគ្រប់គ្រងរដ្ឋបាល និងដោះស្រាយបញ្ហានានា ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងជនបរទេសគ្រប់ប្រភេទ ដែលបានមកស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ​៕