(កណ្តាល)៖ លោក អ៊ុក មនិន ប្រធាននាយកដ្ឋានខ្សាច់ សំណង់ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា ការបាក់ច្រាំងទន្លេ នៅចំណុចភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលបានកើតឡើងជាបន្តបន្ទាប់ គឺបណ្តាលមកពីឆ្នាំនេះទឹកស្រកលឿនពេក ហើយចំណុចដែលបានបាក់នេះជាចំណុចកោង ដែលជាកន្លែងទឹកហូរគួច ធ្វើឱ្យខាងច្រាំងទន្លេមានជម្រៅទឹកជ្រៅ ទើបធ្វើឱ្យបាក់ស្រុតយ៉ាងដូចនេះ មិនមែនបាក់ដោយសារតែការបូមខ្សាច់នោះទេ។

លោក អ៊ុក មនិន បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងបាក់ច្រាំងទន្លេ នៅចំណុចភូមិរកាកោង (ពោធិបាឡាយ) ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្នុងនោះដែរលោកក៏បានឱ្យក្រុមការងារ ចុះធ្វើការពិសោធន៍ផ្ទាល់ ជូនដល់អ្នកសារព័ត៌មានបានឃើញផ្ទាល់ផងដែរ។

លោក អ៊ុក មនិន បានថ្លែងថា ទឹកបានហូរពីខាងលើមកត្រង់ ហើយបានមកបុកចំត្រង់នៅចំណុចច្រាំងទន្លេនេះ ដែលជាហេតុធ្វើឱ្យទឹកហូរគួច ធ្វើឱ្យនៅច្រាំងទន្លេមានជម្រៅទឹកជ្រៅ ហើយទឹកបានបុករូងចូលក្នុងដីច្រាំងទន្លេនេះ ទើបធ្វើឱ្យដីបាក់ស្រុតចុះដូចនេះ​ ហើយការបាក់ស្រុតនេះ មិនមែនមានតែលើកនេះទេ គឺបាក់ស្រុតស្ទើរតែរាល់ឆ្នាំមកហើយ ព្រោះនេះជាបាតុភូតធម្មជាតិ ដែលតែងតែកើតមានឡើង មិនមានអ្នកណាអាចដឹងមុននោះទេ។

លោកបានបញ្ជាក់ទៀតថា កន្លងមកខាងក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឱ្យក្រុមហ៊ុនបូមខ្សាច់ ធ្វើការបូមខ្សាច់នៅភូមិព្រែកអំពិល ភូមិឫស្សី និងភូមិព្រែកលួង ហើយនៅម្តុំនោះ កាលមិនទាន់ធ្វើការបូមខ្សាច់ គឺមានការបាក់ស្រុតច្រាំងយ៉ាងខ្លាំង ហើយនៅពេលដែលអ្នកជំនាញបានប្រាប់ពួកគាត់ថា បន្ទាប់ពីបូមខ្សាច់ហើយ និងលែងបាក់ច្រាំងទៀត ពួកគាត់នៅតែមិនជឿនោះទេ ហើយពួកគាត់នៅតែធ្វើការប្រឆាំង មិនឱ្យមានការបូមខ្សាច់ដដែល រហូតដល់មន្ត្រីជំនាញបានជំនះធ្វើការបូមខ្សាច់នោះ បន្ទាប់ពីបូមខ្សាច់បានរយៈពេល២ឆ្នាំ ច្រាំងទន្លេនៅម្តុំនោះក៏លែងបាក់ទៀត រហូតមកដល់ពេលនេះប្រជាពលរដ្ឋនៅម្តុំនោះ លែងប្រឆាំងនឹងកាបូមខ្សាច់នេះទៀត ហើយមិនតែប៉ុណ្ណោះថែមទាំងជម្រុញ ឱ្យមានការបូមខ្សាច់បន្តទៀតផងដែរ។

លោកបានបន្ថែមទៀតថា «បើយើងមើលឃើញជាក់ស្តែង ពីចំងាយនៃកន្លែងបូមខ្សាច់ មកដល់ចំណុចច្រាំងទន្លេដែលបានបាក់នេះ មានប្រវែងចំងាយជាង១គីឡូម៉ែត្រ វាមិនអាចទាញខ្សាច់ឱ្យបាក់ច្រាំងនេះបានទេ តែបើសិនជាមើលលើកាវាស់វែងផ្ទាល់ ពីចំណុចមាត់ច្រាំងដែលបានបាក់ ចូលទៅក្នុងទឹកទន្លេប្រវែងត្រឹមតែ៣០ម៉ែត្រ ផ្ទៃទឹកមានជម្រៅរហូតដល់២២ម៉ែត្រ ខណៈដែលពីផ្ទៃច្រាំងដែលបានបាក់ ចុះទៅក្នុងទឹកទន្លេ ប្រវែង២៨០ម៉ែត្រ មានមានជម្រៅទឹកត្រឹមតែ១០ម៉ែត្រប៉ុណ្ណោះ ដូចនេះដោយសារតែជម្រៅទឹកជ្រៅនេះហើយ ទើបធ្វើឱ្យមានការបាក់ច្រាំងនេះ»។

សូមជម្រាបថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានការបាក់ច្រាំងទន្លេនៅក្នុងទឹកដី ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល លុះដល់យប់ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្រាប់តែមានការបាក់ស្រុតច្រាំងបន្តទៅទៀត ដែលនេះជាករណីទី៣ហើយនៃកាបាក់ច្រាំង សំរាប់ឃុំរកាកោងទី១នេះ៕