(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ឋិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យលោក JOHAN W.Candelin នាយកប្រតិបត្តិរបស់អង្គការ First Step Forum ចូលជួបសម្តែងការគួរសម។

ក្នុងកិច្ចជួបខាងលើ លោក JOHAN W.Candelin បានជម្រាបជូនអំពីសកម្មភាពរបស់អង្គការរបស់លោក បានធ្លាប់ជួយរដ្ឋាភិបាលមួយចំនួន ក្នុងកិច្ចការសម្របសម្រួលស្វែងរកសន្តិភាព ពាក់ព័ន្ធនឹងការងារសាសនារួមមាន៖ ម៉ូសស្លឹម ព្រះពុទ្ធ គ្រឹស្ទសាសនា និងសាសនាផ្សេងទៀត។

អង្គការ First Step Forum មានទីសាក់ការនៅទីក្រុងញូវយ៉ក និងត្រូវបានបង្កើតឡើងនៅមេសា ឆ្នាំ២០០២ ដោយអ្នកការទូត សមាជិកសភាអឺរ៉ុប ក្រុមអ្នកសារព័ត៌មាន និងក្រុមអ្នកដឹកនាំខាង សាសនា ហើយអង្កការការនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីត្រួតពិនិត្យលើករណីរំលោភបំពានខាងសេរីភាពសាសនា និងសិទ្ធិមនុស្សនទៅទូទាំងសកលលោក ដោយបញ្ជៀសបញ្ហាកុំឲ្យ មានការកើតឡើងកាន់តែធ្ងន់ធ្ងរ។

ជាកិច្ចឆ្លើយតប ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានឯកភាព និងគាំទ្រចំពោះបេសកកម្ម និងសកម្មភាពរបស់អង្គការ First Step Forum ដែលកន្លងមកក៏ដូចជា បច្ចុប្បន្ន តែងតែគាំទ្រ និងជួយរាជារដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសម្របសម្រួលស្វែងរកសន្តិភាពពាក់ព័ន្ធលើវិស័យកិច្ចការសាសនានៅកម្ពុជា។

ក្នុងនោះផងដែរ ទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែគោរពនឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមដំបូលរដ្ឋធម្មនុញ្ញ ដោយបានកំណត់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»

លោករដ្ឋមន្រ្តីបានបន្តទៀតថា កម្ពុជាជាប្រទេសដែលមានអ្នកកាន់សាសនាព្រះពុទ្ធមានចំនួនជាង៩០ភាគរយ ហើយវិស័យព្រះពុទ្ធសាសនា ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការជួយកសាងនិងស្ថាបនាប្រទេសរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកិច្ចការងាររបស់សង្គមរួមមាន៖ ការជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគដល់កាកកាបាតក្រហមកម្ពុជា ជនរងគ្រោះដោយសារគ្រឿងញៀន អ្នកផ្ទុកមេរោគអេដស៍...។ល។ ថ្វីត្បិតតែព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក៏រាជរដ្ឋាភិបាល តែងតែ និងយកចិត្តទុកដាក់និងលើកកម្ពស់ផងដែរចំពោះ វិស័យពាហិរសាសនា ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់សាសនាទាំងអស់ ដែលកំពុងប្រតិបត្តិនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យរួមរស់នៅជាមួយគ្នា ប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យគ្នា រួមគ្នាអភិវឌ្ឍន៍សង្គមជាតិប្រកបដោយសុខដុមរមនារវាងសាសនានិងសាសនា៕