(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក បន្សល់ទុកពីសម័យសង្គ្រាម ប្រភេទ MK82 នៅទីតាំងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានឲ្យដឹងថា កម្លាំងប្រតិបត្តិការដោះគ្រាប់មិនទាន់ផ្ទុះ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 ដែលបានបន្សល់ទុកកាលសម័យសង្រ្គាម។ គ្រប់បែកខ្នាតយក១គ្រាប់នេះ ត្រូវបានរកឃើញនៅឯភូមិសាស្រ្ត ស្ថិតនៅភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកថា គ្រាប់បែកប្រភេទ MK82 មានទម្ងន់ចំនួន២២៧គីឡូក្រាម ហើយគ្រាប់បែកមួយប្រភេទនេះ អាចមានចំនួនច្រើនលានគ្រាប់ ដែលបានទម្លាក់លើទឹកដីកម្ពុជា។
លោក ហេង រតនា ធ្លាប់បានលើកឡើងឲ្យដឹងថា គ្រាប់ទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី Johnson ចាប់ពីឆ្នាំ១៩៦៥ បានទំលាក់គ្រាប់បែកលើទឹកដីកម្ពុជាចំនួន ៤៧៥,៥១៥តោន (ជិតកន្លះលានតោន)ហើយក្នុងរដ្ឋបាលលោកប្រធានាធិបតី Richard Nixon ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឲ្យទំលាក់គ្រាប់បែកសម្លាប់អ្វីៗ ដែលមានជីវិត ដោយកុំឲ្យកងទព័ខ្វល់ពីអ្វីទាំងអស់ រួមទាំងការចំណាយផង។ ការទម្លាក់គ្រាប់បែក ក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា មានចំនួនប្រមាណជាង២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣)។ នាំឲ្យទិន្នន័យសរុបមានចំនួនជាង២លាន៨សែនតោន ក្នុងរយៈពេលថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ឆ្នាំ១៥ ខែសីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់ និងគ្រាប់បែកគីមី (គ្មានកំណត់ត្រានៅឡើយទេ)។ លោកបញ្ជាក់ថា តួលេខគ្រាប់បែកដែលអាមេរិកទម្លាក់មកលើកម្ពុជានេះ មិនទាន់ពេញលេញទេ៕