(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឈានដល់បង្ក្រាប បានមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែនចំនួន៥នាក់ ជាមួយនឹងថ្នាំញៀនជិត៥គីឡូក្រាម និង៣កញ្ចប់ធំ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះថា ការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែននេះ កម្លាំងមន្ទីរគ្រឿងញៀន បានតស៊ូករណីនេះជាង១ខែមកហើយ បន្ទាប់ពីទទួលបានព័ត៌មាន ពីនគរបាលជប៉ុន ស្ដីពីការចាប់បង្ក្រាបមុខសញ្ញាជនជាតិកាណាដា ពីបទជួញដូរគ្រឿងញៀន នៅទីក្រុងតូក្យូ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ទើបកម្លាំងជំនាញ «ក១» របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកការតស៊ូករណី ហើយកំណត់បានថា មេខ្លោងជាជនជាតិ នីហ្សេរីយ៉ា លាក់ខ្លួននៅកម្ពុជា។

នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា នៅវេលាម៉ោង៩៖១៥នាទី ថ្ងៃទី០៦ ខៃកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីទទួលដំណឹងថា ជនល្មើសជនជាតិវ៉ូម៉ានីបាន នាំថ្នាំញៀនតាមរថយន្ត ទៅខេត្តសៀមរាប ដើម្បីដីកជញ្ជូនទៅប្រទេសញូហ្ស៊េលែន តាមជើងយន្តហោះ (KA249) នោះ កម្លាំងកម្លាំងជំនាញ «ក១» នៃមន្ទីរប្រឆាំងគ្រឿងញៀន បានទៅសហការជាមួយ ជាមួយសមត្ថកិច្ចគយ នគរបាលអន្តោប្រវេសន៍ និងស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនល្មើសម្នាក់ ជាជនជាតិរ៉ូម៉ានី ចាប់យកវត្ថុតាងជាថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន៤កញ្ចប់ ទម្ងន់ប្រមាណ៥គីឡូក្រាម។ បន្ទាប់មកកម្លាំងជំនាញ «ក១» បានបន្តទៅឃាត់ខ្លួន មេក្លោង ឈ្មោះ AZUBAM CELESTINE EMEKA និងបក្សពួក០២នាក់ទៀត ជនជាតិនីហ្សេរីយ៉ា នៅខុនដូលេខ១០១ ផ្លូវ៤៩៤ សង្កាត់ផ្សារដើមថ្កូវ រួមនឹងចាប់យកវត្ថុតាង៣កញ្ចប់ទៀត។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ទៀតថា ជាលទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនល្មើស៥នាក់ (ប្រុស) ក្នុងនោះជនជាតិរ៉ូម៉ានី២នាក់ និងជនជាតិនីហ្សេរីយ៉ា០៣នាក់រួមមាន៖
១៖ ឈ្មោះ OLARU NARCIS MANUEL ភេទប្រុស ជនជាតិរ៉ូម៉ានី។
២៖ ឈ្មោះ LIXANDRU VASILE NICOLAE ភេទប្រុស ជនជាតិរ៉ូម៉ានី។
៣៖ ឈ្មោះ AZUBAM CELESTINE EMEKA ភេទប្រុស ជនជាតិនីហ្សេរីយ៉ា។
៤៖ ឈ្មោះ AZUBAM SIMEON CHUKWUDI ភេទប្រុស ជនជាតិនីហ្សេរីយ៉ា។
៥៖ ឈ្មោះ NGWU HILLARY MMADU ភេទប្រុស ជនជាតិនីហ្សេរីយ៉ា។

ក្នុងប្រតិបត្តិការនេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់យកវត្ថុតាងបាន ថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន៤កញ្ចប់ ទម្ងន់ជិត៥គីឡូក្រាម និងម្សៅសង្ស័យគ្រឿងញៀន៣កញ្ចប់។

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង ប្រមូលវត្ថុតាង និងបញ្ជូនជនល្មើស ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់៕