(សៀមរាប)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ បន្ទាប់ពីសង្ស័យថារត់ពន្ធគ្រឿងញៀនជិត ៥គីឡូក្រាម។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។

នគរបាលខេត្តសៀមរាប បានអះអាងថា ជនជាតិរ៉ូមោនីនេះ មានឈ្មោះ OLARU NARCIS-MANUEL ។ ជនជាតិរ៉ូម៉ានីរូបនេះ ត្រូវចេញដំណើរទៅទីក្រុងហុងកុង ប្រទេសចិន តាមជើងហោះហើរលេខ KA-249 (REP-HKG)។

យោងតាមការត្រួតពិនិត្យ និងធ្វើតេស្តិ៍បឋម ជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រកឃើញសារធាតុក្រាមពណ៌ស ដែលសាមីខ្លួនបានដាក់ក្នុងកញ្ចប់ថង់ប្លាស្ទីក រាងសំប៉ែត ០៤ជ្រុង ចំនួន០៤ លាក់ទុកក្នុងបាតកាបូបស្ពាយខ្នង ចំនួន ០៤ផ្សេងងគ្នា ដែលជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន ដែលមានទម្ងន់ប្រមាណ ៥,០២០ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន ប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធី៕