(ភ្នំពេញ)៖ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានរៀបចំសមាជិក-សមាជិកា ក្រោមប្រធានបទ «រួមគ្នាចែករំលែកសេចក្តីស្រលាញ់ដល់សង្គម» ដើម្បីរឹតចំណងមិត្ដភាព សាមគ្គីភាព ឲ្យកាន់តែរឹងមាំជាងមុន ព្រមទាំងរាយការណ៍ អំពីសកម្មភាពរបស់សមាគមកន្លងមក ដែលរៀបចំធ្វើឡើង នៅទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងជួបជុំសមាជិក សមាជិកា និងបងប្អូនរួមជាតិទាំងអស់ ដែលស្រលាញ់ និងចូលរួមក្នុងការងារ សង្គម ជាមួយសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជាក្ដី ជាមួយសមាគម ឬក្នុងការងារផ្សេងៗក្តី ដើម្បីរឹតចំណងសាមគ្គីភាព ឲ្យកាន់តែរឹងមាំជាងមុន ព្រមទាំងរាយការណ៍ អំពីសកម្មភាពរបស់សមាគមកន្លងមក។

លោក មែ ស៊ីថុន បានលើកឡើងថា «ក្នុងរយៈពេលជាង៣០ឆ្នាំ ក្រោយពីការដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតកម្ពុជា បានឆ្លងកាត់នូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ជាច្រើន។ ប្រជាជនកម្ពុជា ដែលនៅសល់រស់រាន ពីរបបខ្មែរក្រហម បានចាប់ផ្តើមពីបាតដៃទទេរ ខិតខំកសាង និងស្តារប្រទេសជាតិឡើងវិញ ពីចំនុចក្រោមសូន្យ ឬយើងអាចហៅម៉្យាងទៀតបានថា ដំណាក់កាលស្តារឡើងវិញ»។

លោកបន្ដថា ដំណាក់កាលនេះ បានចំណាយពេលអស់ជិត២ទស្សវត្សន៍ ហើយសមិទ្ធិផលដែលទទួលបាន គឺពិតជាសមប្រកបសម្រាប់ប្រទេសកម្ពុជា ព្រោះចាប់ពីដើមទស្សវត្សន៍ទី៩០មក ប្រទេសកម្ពុជាបានក្លាយ ជាប្រទេសមួយ ដែលមានប្រជាជនពេញវ័យ (យុវវ័យ) នឹងពេញកម្លាំងច្រើនជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬយើងអាចហៅដំណាក់កាលនេះបានថា ដំណាក់កាលកសាង និងអភិវឌ្ឍន៍។

លោកបានបន្ថែមទៀតថា ការអភិវឌ្ឍន៍ និងការរីកចម្រើនជាងមួយទស្សវត្សរ៍ចុងក្រោយនេះ បានផ្លាស់ប្តូរមុខមាត់កម្ពុជាយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ «មូលនិធិសមធម៌» ត្រូវបានពង្រីកវិសាលភាពគ្របដណ្តប់បន្ថែម ដើម្បីជួយសម្រាលបន្ទុកចំណាយ លើសុខភាពសម្រាប់ប្រជាជនក្រីក្រ។

លោកថា ការកែទម្រង់វិស័យអប់រំបង្កើត បាននូវបរិយាកាស និងក្តីសង្ឃឹមថ្មី ក្នុងការបង្កើតធនធានមនុស្ស និងជំនាញសម្រាប់ផ្តត់ផ្គង់ទីផ្សារការងារ តាមរយៈការបង្កើតឲ្យមានសាលាជំនាន់ថ្មី ការពង្រឹងគុណភាព នៃការបង្រៀន ការលើកកម្ពស់សមត្ថភាព ក្នុងការគ្រប់គ្រងសាលារៀន ការធ្វើបច្ចុប្បន្នភាព កម្មវិធីសិក្សា និងការរៀបចំបរិយាកាសល្អ សម្រាប់ការរៀនសូត្រ ដែលត្រូវបានជំរុញឲ្យមានវឌ្ឍនភាពជាបណ្តើរៗ។

ជាមួយគ្នានោះ លោក មែ ស៊ីថុន បានគូសបញ្ជាក់ថា «សមាគមអតីតសិស្ស-និសិ្សតនៅកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកក្នុងកិច្ចការមូលនិធិសមធម៌ របស់រាជរដ្ឋាភិបាលក្នុងនាមជាយុវជនរបស់កម្ពុជា និងរៀមច្បងរបស់ប្អូនៗ ដែលខ្វះលទ្ធភាព ហើយត្រូវការជំនួយពីពួកយើង»។

សូមជម្រាបថា បច្ចុប្បន្នសមាជិកសមាគមអតីតសិស្ស-និសិ្សតនៅកម្ពុជា មានចំនួនប្រមាណ១០០នាក់ ដែលដឹកនាំដោយគណៈកម្មការ គ្រប់គ្រង ចំនួន១៦នាក់ លើផ្នែកធនធានមនុស្ស រដ្ឋបាលកិច្ចការទំនាក់ទំនងក្នុង និងក្រៅប្រទេស ហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងគម្រោង៕