(ភ្នំពេញ)៖ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា «កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន» ដែលបានបើកបវេសនកាល​ នៅថ្ងៃទី០៣ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ នឹងចូលរួមកាន់តែសកម្ម ក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជា និងបានជួយឲ្យគរុនិស្សិតមានចំណេះដឹងជ្រៅជ្រះ មានបំនិនវិជ្ជាជីវៈកាន់តែច្បាស់លាស់ និងមានគោលដៅជីវិតរឹងមាំខ្លាំងក្លាថែមទៀត។ លោកបណ្ឌិត ហង់ ជួនណារ៉ុន បានបន្ថែមថា កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន បានបង្កើតឡើងដើម្បីជាការពង្រឹងសមត្ថភាពខ្លួនឯង និងសម្រាប់ជាការពង្រឹងដល់ការដឹកនាំ និងបង្រៀននៅក្នុងសាលារៀន។

កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូង្រៀនទទួលបណ្តុះបណ្ដាលដោយមហាវិទ្យាល័យអប់រំ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពេញ។ ចំណែក កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនទទួលបណ្ដុះបណ្ដាលដោយមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងបែបនេះ នៅក្នុងឱ​កាសដែលលោកអញ្ជើញជាអធិបតី​ភាព នៅក្នុងពិធីបើកបវេសនកាល កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ជាមួយគ្នានោះ លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងអរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងផ្តល់ចំណេះដឹងជូនសិស្សានុសិស្ស និងចូលរួមធ្វើឲ្យវិស័យអប់រំ នៅកម្ពុជា កាន់តែមានភាពល្អប្រសើរជាងមុន។

នៅក្នុង​ឱ​កាសនោះ លោក ជេត ​ជាលី សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ​បានលើកឡើងថា កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន មានគោលបំណងបង្កើតអ្នកដឹកនាំសាលារៀន បែបស្សតវត្សរ៍ ទី២១ ដែលអាច នាំយកចំណេះដឹងសកលទៅកាន់សាលារៀន និងអនុវត្តន៍ពិតៗ និងបង្កើតភាពជាម្ចាស់សមាគមន៍ក្នុងការអភិវឌ្ឍសាសារៀន និងកសាងទំនុកចិត្ត រៀបចំយុវជនក្លាយជាធនធាននៅក្នុងពិភពចំណេះដឹង និងសេដ្ឋកិច្ច និងជាពលរដ្ឋជាសាកល​ផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិត ជេត ​ជាលី បាន​បង្ហាញគោលជំហរ ដោយសន្យាចំពោះក្រសួងអប់រំ យុវជន និងកីឡា​ នឹងធ្វើឲ្យវគ្គកម្មវិធី «លើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន» ដែលបានបើកបវេសនកាល​​ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដំណើរការបានល្អ តបទៅតាមអ្វីដែលរាជរដ្ឋាភិបាលត្រូវការ។ លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធ សូមឲ្យមហាវិទ្យាល័យអប់រំ បង្កើនភាពជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងកិច្ចសហការឲ្យបានល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ថា កម្មវិធី​សិក្សាសម្រាប់​​ការ​បណ្ដុះបណ្តាល​​ ថ្នាក់​​បរិញ្ញាបត្រ​អប់រំ ​ឯកទេស​ការ​គ្រប់គ្រង​សាលារៀន​​​ ចែកចេញ​ជា​បី​ផ្នែក​ដែល​ស្មើ​នឹង​ចំនួន៦០ក្រេឌីត​ ដែល​រួម​មាន៖

១៖ ​វគ្គសិក្ខាសាលា​មាន​ចម្រុះប្រធាន​បទ ទាក់ទង​នឹង​ការ​គ្រប់គ្រង​និង​ដឹកនាំ​សាលារៀន​ចំនួន០៤ក្រេឌីត

២៖ ការ​សិក្សា​លើ​មុខវិជ្ជា និង​អនុវត្តន៍ស្របតាម​ស្តង់ដា​នាយកសាលារៀន​ចំនួន៥០ក្រេឌីត

៣៖ ការសរសេរ​របាយការណ៍​ស្តី​ពី​ការ​កែលម្អ​សាលារៀន​ចំនួន៦ក្រេឌីត​។​

កម្មវិធីសិក្សា «​លើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន»​ ផ្តោតលើ​ការអនុវត្ត​ជាក់ស្តែង​រហូត​ដល់ ៧៥ % និង​​ទ្រឹស្តីត្រឹមតែ​​ ២៥ %​ ប៉ុណ្ណោះ​។ លក្ខខណ្ឌ​ចម្បង​​សម្រាប់​បញ្ចប់​ការ​សិក្សា​ គឺ​អ្នក​សិក្សា​ត្រូវ​បង្ហាញ​នូវ​ភាព​រីកចម្រើន​នៃ​សាលារៀន​របស់​ខ្លួន​។ ចំពោះសាស្ត្រាចារ្យ​សម្រាប់​បង្រៀន​ផ្នែក​ទ្រឹស្តី និង​​​ជួយ​បង្វឹក និង​ណែនាំ​អនុវត្តន៍​ដែល​មាន​បទ​ពិសោធន៍​អនុវត្តនគម្រោង​​សរុប​ចំនួន​៤៥នាក់​ ក្នុង​នោះ​បណ្ឌិត​ចំនួន ៣០ % និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន ៧០ %។ ទន្ទឹមនឹង​នេះ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ មាន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ពាក់ព័ន្ធ នាយកសាលា​គំរូ​ និង​អ្នក​ជំនាញ​​ ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សិក្ខាសាលា​បំប៉ន​ទាក់ទង​នឹង​ភាព​ជា​អ្នក​ដឹកនាំ និង​ការគ្រប់គ្រង​សាលារៀន​ដល់​អ្នក​សិក្សា។ កម្មវិធីនេះត្រូវបានក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោកប្រគល់ឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាអ្នកទទួលបណ្តុះបណ្តាល​៕