(កណ្ដាល)៖ ក្រោយពីប្រទះឃើញសាកសពជនរងគ្រោះនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កងរាជអាវុធហត្ថខេត្តកណ្តាល ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានសហការគ្នាបំបែកសំណុំរឿងឃាតកម្មនេះជោគជ័យ បន្ទាប់ពីបានស៊ើបអង្កេតអស់រយៈពេល៣ថ្ងៃ។

ឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ១២ រំលងអធ្រាត្រថ្ងៃទី១២​ ខែមករា ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ ខន សាវ៉ាត់ អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយឈ្មោះ នួន ណាក់ អាយុ៤៦ឆ្នាំ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយបំបែកសំណុះរឿង កម្លាំងសមត្ថកិច្ចបានរកឃើញថាជនសង្ស័យមានគ្នា ៤នាក់ រួមមាន៖
១. ឈ្មោះ ព្រុំ វ៉ាន់ដា អាយុ៣១ឆ្នាំ ឃាត់ខ្លួនព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណង់កំពុងសាងសង់ភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
២. ឈ្មោះ ព្រុំ សម្បត្តិ (ហៅ យួន) អាយុ១៩ឆ្នាំ។
៣. ឈ្មោះ ប៉ោង សំណាង (ហៅ ពៅ) អាយុ១៨ឆ្នាំ ឃាត់ខ្លួនល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្ទះភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
៤. ឈ្មោះ ម៉ម ហ័ត អាយុ២៥ឆ្នាំ រស់នៅភូមិនិមិត្ត ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួនរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសាកសពនៅចំណុចខាងលើ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង និងជំនាញខេត្ត ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដោយបានធ្វើការតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។

ករណីនេះ លោកឧត្តមសេនីយត្រី សំ តុលា​ បានបញ្ជាឱ្យកម្លាំងជំនាញស៊ើបអង្កេតស្រាវជ្រាវ ដោយក្នុងនោះលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលការងារយុត្តិធម៌ និងកម្លាំងជំនាញ អស់រយៈពេល៣ថ្ងៃ ទើបឈានដល់ការកំណត់មុខសញ្ញាក្រុមជនសង្ស័យបាន និងស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យបាននៅថ្ងៃបន្ទាប់។

ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ សំ តុលា កម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល និងស្រុកកណ្តាលស្ទឹង សហការជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានស្វែងរកមុខសញ្ញាជនសង្ស័យតាមបទពិសោធន៍ បច្ចេកទេសជំនាញ ដោយដឹងថាជនសង្ស័យម្នាក់រត់គេចទៅលាក់ខ្លួននៅក្បែរស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឯពីរនាក់រត់ទៅសង្ងំលាក់ខ្លួននៅផ្ទះស្រុកកំណើត ភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងម្នាក់ទៀតនៅរាជធានីភ្នំពេញ។

ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរខាងលើ ក៏ដោយសារមានការសម្របសម្រួលកិច្ចនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ក្នុងការពន្លាតសមត្ថកិច្ចដែនដី និងដោយមានការកិច្ចសហការល្អរវាងជំនាញកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់។

នៅចំពោះមុខសមត្ថកិច្ចខេត្តកណ្តាល ក្រុមជនសង្ស័យទាំងនេះបានសារភាពថា ក្រោយពីពួកគេចាញ់ការបោកបញ្ឆោតពីជនរងគ្រោះ ថាមានលុយប៉ាវផឹកស៊ីច្រៀងការ៉ាអូខេ ពេលទៅដល់កន្លែងការ៉ាអូខេ បែរជាជនរងគ្រោះថា ខ្លួនគ្មានលុយទេអញកុហកពួកឯងទេ ក៏កើតជារឿងជេរបញ្ចោរគ្នា ដោយមានកំហឹងពេលធ្វើដំណើរតាមផ្លូវមកផ្ទះជួលវិញ ឆ្លៀតឱកាសជរងគ្រោះចូលព្រៃដើម្បីបទជើង ពួកខ្លួនក៏នាំគ្នាធ្វើសកម្មភាពដោយមានអ្នកគ្រៀកក អ្នកចាប់ដៃចាប់ជើង អ្នកយកខ្សែក្រវាត់ជនរងគ្រោះមករឹតក និងវាយជនរងគ្រោះរហូតដល់ស្លាប់ ហើយក៏នាំគ្នាអូសជនរងគ្រោះចេញពីកន្លែងកើតហេតុមកកណ្តាលវាលស្រែ និងយកចំបើងគ្របសព រួចក៏នាំគ្នាមកផ្ទះជួលវិញ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបនាំគ្នាគេចខ្លួន និងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងបួននាក់ កម្លាំងមន្ទីរជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕