(ភ្នំពេញ)៖​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិ បានចាប់ដៃគូសហការគ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងគ្នា​ នឹងគ្នា ក្នុងការផ្តល់ឱកាសកាន់តែងាយស្រួល ជួយដល់និស្សិតចង់ក្លាយជាអ្នកការទូត។ នៅក្នុងពិធីពិធីចុះហត្ដលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាផ្លូវការ ស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិ ក៏បានផ្តល់ជូនឱកាសជាច្រើនទៀតជូនដល់និស្សិតនៃភាគី អនុស្សារណៈទាំង២ផងដែរ។

ពិធីចុះហត្ដលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នាវិទ្យាស្ថានភាសាបរទេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជា​មួយគ្នានោះ លោក ជេត ជាលី សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា ផលប្រយោជន៍ចំពោះនិស្សិត គឺនិស្សិតអាច​មាន​ក​ន្លែងហាត់ការ​លើការសិក្សាជាក់ស្តែង​ ដែលមានសត្ថភាពខពស់ ក្រៅពីទទួលបានការហាត់ការហើយនោះ និស្សិតខ្លួនឯង ទទួលបានបទពិសោធន៍ និងចំណេះដឹងល្អៗ ពីវាគ្មិនអញ្ជើញមកពីវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិ។

លោក ជេត ជាលី ​បានបន្ថែមឲ្យដឹងថា អត្ថប្រយោជន៍បន្ថែម១ទៀត គឺសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាពិសេសសម្រាប់ផ្នែកទំនាក់ទំនងអន្តរជាតិផ្ទាល់ គឺសាកលវិទ្យាល័យ កាន់តែទំនុកចិត្តជាងមុន លើការបណ្តុះបណ្តាលនិស្សិត ក្រោយមានការជជែកគ្នា ពីការពង្រឹងសមត្ថភាពនិស្សិតជាមួយនឹង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិ។​ ក្រៅពី​នោះ ក៏មានការជជែកពីការផ្លាស់ប្តូរវាគ្មិន ទៅវិញទៅមកផងដែរ ដើម្បីជាការផ្តល់ចំណេះដឹងថ្មីៗ ទៅដល់និស្សិត។

លោក ឈីវ យីស៊ាង អនុរដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិ បានលើកឡើងថា
បើទោះបីជាវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិទើបបង្កើតថ្មីក៏ដោយ តែវិទ្យាស្ថានក៏មានទំនាក់ទំនង និងដៃគូសហការជាមួយ សាកលវិទ្យាល័យជាតិ និងអន្តរជាតិជាច្រើន ក្នុងគោលបំណងពង្រឹងសមត្ថភាពនិស្សិត។

លោក ឈីវ យីស៊ាង បានលើកឡើងបន្តទៀតថា វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិ បានសម្រេចចុះហត្ដលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាពេលនេះ គឺដោយសារតែសំលឹងឃើញថា RUPP គឺជាសាកលវិទ្យាល័យចំនាស់ជាងគេនៅកម្ពុជា និងមានបទពិសោធន៍ និងធនធានមនុស្សច្រើន។ជា​ពិសេសគឺមាន​ដេប៉ាតឺម៉ង់បង្រៀនប្រហាក់ប្រហែលគ្នា ទៅនឹងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិ។

ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិ ​បានលើកឡើងថា ចំពោះនិស្សិតដែលរៀនចប់ នៅសាកលវិទ្យាល័យ ហើយមានបំណងចូលបម្រើការងារ នៅក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អាចប្រឡងចូលក្រសួង នឹងក្លាយជាអ្នកការទូត បានដោយងាយស្រួល។

លោក ឈីវ យីស៊ាងបន្តថា កិច្ចសហការនាពេលនេះ គឺកាន់តែជួយឲ្យ​និស្សិត ដែលសិក្សានៅសាកលវិទ្យាល័យ ទទួលបានការចូលបម្រើការជាការទូត និងមានផ្លាស់ប្តូរបទពិសោធន៍ និងការធ្វើកម្មសិក្សានៅទ្យាស្ថានជាតិការទូត និងទំនាក់ទំនងទន្តរជាតិបាន។ ប៉ុន្តែសម្រាប់និសិ្សតសិក្សាផ្នែកផ្សេងក៏មានឱកាសដូចនិស្សិតសិក្សាភាសាបរទេសដូចគ្នា តែគ្រាន់តែមានលក្ខខណ្ឌមួយចំនួន ដែលស្ថិតនៅក្នុងការ ចុះហត្ដលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ​នាពេលនេះ។

គួរបញ្ជាក់ថា ជាទូទៅវិទ្យាស្ថានភាសាបរទេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺមានការបង្រៀនទៅលើភាសាជាច្រើនរួមមាន ភាសាអង់គ្លេស ភាសាបារាំង ភាសាចិន ភាសាថៃ ភាសាកូរ៉េ និងភាសាជប៉ុនជាដើម ដោយក្នុងមួយឆ្នាំៗ ទទួលបាននិស្សិតរាប់ពាន់នាក់។ ក្នុងចំណោមនិស្សិតរាប់ពាន់នាក់ ក្នុងនោះ ក្រសួងការបរទសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានជ្រើសរើសយកទៅសិក្សាបន្តជាង១០០នាក់៕