(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងការដាក់ឲ្យប្រើប្រាស់សាកល្បងគម្រោងទូទាត់សាច់ប្រាក់រៀល និងប្រាក់បាតថៃតាមរយៈប្រព័ន្ធ QR Code។

អនុស្សរណៈយោគយល់គ្នានេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ ព្រមទាំងបានចុះអនុស្សរណៈដោយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Veerathai Santiprabhob ទេសាភិបាលធនាគារកណ្តាលថៃនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។

អនុស្សរណៈយោគយល់គ្នានេះសំដៅគាំទ្រ ដល់កិច្ចសហការក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការនៃ ស្តង់ដារប្រព័ន្ធQR code សម្រាប់ការទូទាត់ក្នុងប្រទេស និ​​ងក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពព្រមទាំងជំរុញដល់ការប្រើប្រាស់រូបិយវត្ថុជាតិ និងនវានុវត្តវិស័យហិរញ្ញវត្ថុក្នុងប្រទេសទាំងពីរ។

សម្រាប់ការដាក់ឱ្យដំណើរការសាកល្បង គម្រោងអភិវឌ្ឍប្រព័ន្ធ QR code នេះនឹងជួយដល់សម្រួលដល់សេវាទូទាត់រាយនៅកម្ពុជានិងរវាងប្រទេសទាំងពីរ។

សូមជម្រាបថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR code នេះត្រូវបានលោកស្រី ជា សេរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ធ្លាប់បានឲ្យដឹងថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code ទូទាត់ប្រាក់រៀល និងប្រាក់បាតថៃនេះ នឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ទាំង២ប្រទេសក្នុងការទូទាត់ ជាសាច់ប្រាក់របស់ប្រទេសខ្លួន ហើយនេះក៏ជាការជួយ ពង្រឹងវិសាលភាព​ប្រាក់រៀលកម្ពុជាផងដែរ។

លោកស្រីបន្ដថា ការបង្កើតប្រព័ន្ធទូទាត់ទំនិញ ដោយប្រើប្រាស់រូបិយវត្ថុរៀងខ្លួននេះ បានផ្ដល់ភាពងាយស្រួលដល់អាជីវករកម្ពុជា ​ទៅទិញទំនិញក្នុងប្រទេសថៃទូទាត់ជាលុយបាតថៃ ចំណែកឯអាជីវករថៃមកកម្ពុជាទូទាត់ជាប្រាក់រៀលខ្មែរ។ កន្លងមកការទូទាត់ទំនិញធំៗមួយចំនួន មានការពិបាកព្រោះថា លុយច្រើនធ្វើឲ្យអាជីវករប្រទេសទាំង២ ពិបាកក្នុងការទូទាត់ជាប្រាក់រៀល ឬប្រាក់បាត់ថៃ ហើយអាចប្រឈមនឹងផលវិបាក​ផ្សេងៗមួយចំនួនទៀត៕