(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភាបារាំង លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានជម្រាបជូនលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចថា លោកនឹងជួបពិភាក្សាជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឱ្យពួកគេពិនិត្យឡើងវិញចំពោះការដាក់សម្ពាធមកលើកម្ពុជា ក្រោមលេសចោទប្រកាន់ពីសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។

ការអះអាងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាមួយលោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភា បារាំង-កម្ពុជា នាល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងអធិការកិច្ច។

លោក ហ្វ្រង់ស្វ័រ បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជា លោកបានមើលឃើញច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជា ទាំងល្បឿននៃការអភិវឌ្ឍ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ពិសេសលោកបានឃើញពីភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ដែលផ្ទុយពីការលើកឡើងរបស់បុគ្គលមួយចំនួនថា គ្មានការគោរពសិទ្ធិមនុស្ស និងមិនមានលទ្ធិប្រជាធិបតេយ្យ។

សមាជិកព្រឹទ្ធសភាបារាំងរូបនេះ បានចាត់ទុកការលើកឡើងទាំងអស់នោះ ជាលេសពិតប្រាកដ ដើម្បីដាក់គំនាបមកលើកម្ពុជា ក្រោមការជំរុញពីសហរដ្ឋអាមេរិក តាមរយៈការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលជាក់ស្តែងនៅចំពោះមុខនេះ គេកំពុងនិយាយពីវិស័យអង្កររបស់កម្ពុជា។

លោកបានបន្តថា បើនិយាយពីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា គឺមានលក្ខណៈល្អប្រសើរជាងប្រទេសនៅអឺរ៉ុប និងនៅប្រទេសប្រជាធិបតេយ្យមួយចំនួនទៀត ដែលមេដឹកនាំប្រទេសខ្លះឡើងកាន់អំណាចដោយមិនមានការបោះឆ្នោតផង ហេតុអីគេមិននិយាយ? មកនិយាយតែកម្ពុជា គ្រាដែលការបោះឆ្នោតគ្រប់អាណត្តិនៅកម្ពុជា មានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែង ពិសេសការបោះឆ្នោតកាលពីឆ្នាំ២០១៨ ដែលជាការបោះឆ្នោតអាណត្តិទី៦ កម្ពុជាមានគណបក្សចូលរួមរហូតដល់ទៅ ២០គណបក្ស និងមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង ៨៣ភាគរយ ឯណោះ។

លោក ហ្វ្រង់ស្វ័រ បានសន្យាជាមួយលោកស្រី ម៉ែន សំអន ថានឹងបន្តជួបពិភាក្សាបន្តបន្ទាប់ជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឱ្យពិនិត្យឡើងវិញពីការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) មកលើកម្ពុជា ក្រោមលេសប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដូចនេះសហភាពអឺរ៉ុបគួរតែពិនិត្យរួមគ្នា ដើម្បីបន្ថយកម្ដៅនយោបាយនេះ។

ជាការឆ្លើយតប លោកស្រី ម៉ែន សំអន បានអរគុណចំពោះការយកចិត្តទុកដាក់របស់ភាគីបារាំង ដែលគាំទ្រកម្ពុជាលើយន្តការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលកំពុងមានភាពល្អប្រសើរ។

លោកស្រីបានបន្តថា ដោយមានការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់អស់ជិត៣ទសវត្សរ៍ មកជាប្រទេសមានសន្តិភាព និងមានឱកាសបន្តការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្លួនបន្តទៀត ហើយក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង៧ភាគរយក្នុងមួយឆ្នាំ និងបានប្រែក្លាយខ្លួនពីសមរភូមិទៅជាទីផ្សារដ៏ទាក់ទាញ និងពីប្រទេសដែលមានការអភិវឌ្ឍតិចបំផុត ឬក្រីក្របំផុត ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

លោកស្រី ម៉ែន សំអន បានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំបន្ថែមទៀត ក្នុងការពង្រឹងសន្តិភាព ការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការដោះស្រាយ និងបញ្ចប់ទំនាស់គ្រប់រូបភាព ដើម្បីប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ព្រោះ២០ឆ្នាំចុងក្រោយនេះ ក្រោមយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ។

សូមរំលឹកថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ នៅកម្ពុជានាពេលនេះ ក៏មានការចូលរួមដំណើរដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស លោក សាត វិច្ឆិកា ប្រធានសមាគមកុមារជ័យ និងលោក Pascal Babin អនុប្រធានសមាគម ហើយប្រតិភូនេះនឹងទៅទស្សនកិច្ចនៅខេត្តសៀមរាប និងបន្តនាំយកមូលនិធិមួយចំនួនរបស់សមាគមកុមារជ័យ ដើម្បីផ្តល់ដល់កុមារនៅខេត្តបន្ទាយមានជ័យផងដែរ៕