(ព្រះសីហនុ)៖ យោងសេចក្តីណែ​នាំរបស់​សម្តេច​កិតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នាព្រឹកថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០១៩​ លោក​ យន្ត​ មីន អភិបាលខេត្តព្រះសីហនុ​ និងជាប្រធានកិត្តិយស​សាខាកាកបាទក្រហមខេត្ត​ បាននាំយកគ្រឿងឧបភោគ​-បរិភោគ​ និងថវិកាមួយចំនួន​ ចុះចែកជូនកម្មករប្រមូលសំរាម​ចំនួន ៥៨គ្រួសារ។

អំណោយទាំងនោះរួមមាន៖​ អង្ករ១បាវ មី១កេះ​ ត្រីខ១០កំប៉ុង​ ស្ករស​កន្លះគីឡូក្រាម​ សណ្តែកខៀវ​ មុង១​ ភួយ​១​ កន្ទេល១​ និងថវិកាមួយចំនួន។

បញ្ហាចំពោះមុខមួយទៀត​ គឺកូនចៅរបស់កម្មកប្រមាណ​ ៣០នាក់​ ត្រូវការមធ្យោបាយទៅកាន់សាលារៀន ប៉ុន្តែដោយមើលឃើញការលំបាកនេះ​ហើយ លោក យន្ត​ មីន​ បានសម្រេចភា្លមៗថា​ នឹងផ្តល់រ៉ីម៉កកង់បីពីរគ្រឿង​សម្រាប់ដឹកបានទៅសាលារៀន​។

ដោយឡែក​ លោកមេឃុំអូរ ឧកញ៉ា ហេង​ ក៏បានធានាផ្តល់ប្រេង​សម្រាប់ចាក់រថយន្តដឹកក្មេងខាងលើផងដែរ​។ ជាមួយនោះ លោកអភិបាលខេត្តបានផ្តាំផ្ញើ​ និងណែនាំដល់កម្មករទាំងអស់​ ឱ្យចេះថែរក្សាសុខភាព​គ្រប់ពេលវេលា៕