(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ឈុំ សុជាត អនុប្រធានក្រុមការងារចុះជួយស្រុមសំឡូត និងជាប្រធានក្រុមការងារចុះជួយឃុំតាសាញ់ បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយ លទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកសំឡូត ខេត្តបាត់ដំបង។

កម្មវិធីនេះ មានការចូលរួមដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកសំឡូត ខេត្តបាត់ដំបង ប្រមាណជាង១០០នាក់។

នៅក្នុងឱកាសនោះ លោក ឈុំ សុជាត បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិក របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកសំឡូតនេះទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ រហូតទទួលបានការគាំទ្រលើសលប់ក្នុងការបោះឆ្នោតកន្លងទៅ។

លោកបានជំរុញឱ្យសមាជិក សមាជិកាទាំងអស់របស់គណបក្សប្រជាជននៅមូលដ្ឋាននេះ បន្តសកម្មភាពរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ និងត្រូវចូលរួមការពារសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា សន្និបាតគណៈកម្មការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខ៕