(ស្ទឹងត្រែង)៖ សាខាកាំកុងត្រូល​ខេត្តស្ទឹងត្រែង បានប្រមូលយកមឹក និងបង្គាដែលមានសារធាតុគីមី «ហ្វកម៉ាលីន» ចំនួន៣៨គីឡូក្រាម យកទៅដុតកម្ទេចចោលទាំងអស់ ក្រោយដកហូតបានពីអាជីវករមួយចំនួន ដែលបានដាក់លក់ក្នុងកម្មវិធីប្រគុំតន្ត្រី​ នៅទីរួមខេត្តស្ទឹងត្រែង ព្រមទាំងបានបន្តណែនាំពីសុវត្ថិភាពចំណីអាហារដល់អាជីវករ និងប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។

សកម្មភាពខាងលើនេះ ត្រូវបានធ្វើឡើងនាវេលាល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន។

លោក គឹមប្រុស បានឱ្យដឹងថា នេះជាសារមួយដាស់តឿនដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ។ ចំណែកអាជីវករ បើនៅតែបន្តលក់ចំណីអាហារមានសារធាតុគីមីដូច្នេះទៀត នោះមន្ត្រីជំនាញពាក់ព័ន្ធនឹងផាកពិន័យតាមច្បាប់។

លោកបានបន្តថា ការដកហូតបង្គា និងមឹកមានសារធាតុ​ហ្វកម៉ាលីននេះ កម្លាំងសមត្ថកិច្ចបានលើកកម្ពស់​សុខ​ភាព​ដល់​អ្នកបរិភោគ​ និង​ចៀសវាងកុំឱ្យភ្ញៀវទេសចរ ឬ​ប្រជាពល​រដ្ឋនៅក្នុងខេត្ត ឬទីជនបទ​ បរិភោគចំណីអាហារទាំងនេះ​មានផលប៉ះ​ពាល់ដល់សុខភាព​ ជាពិសេសក្នុង​ពេលដែលអាជីវ​ករ​យកមកតាំងលក់ ក្នុងពិធីតាំងពិព័រណ៍លក់ទំនិញនេះ។​

លោកបានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលមន្ត្រីជំនាញបាន​យកចំណី​អាហារ ធ្វើ​ពិសោធន៍រកសារ​ធាតុគីមី ដូចជាប្រហិតត្រី​ ​ប្រហិតសាច់គោ-បង្គា ប្រហិតក្តាម និងមឹក​ដែលអាជីវករ​យកមកលក់ឃើញ​ថា​អាហា​រមួយ​ចំនួនមានគុណភាពល្អ​ ហើយខ្លះទៀតមាន​សារ​ជាតិហ្វកម៉ាលីន​ច្រើន អាចបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។​​​

លោក ជន ភាព អាជីវករលក់គ្រឿសមុទ្រ និងប្រហិតគ្រប់មុខក្នុងពិធីតាំងពិព័រណ៍នេះ​​ បានសាទរជាមួយនឹង​សក​ម្មភា​ពចុះ​ពិនិត្យ និង​ពន្យល់ណែនាំ​ពីមន្ត្រីសាខា​​​កាំកុងត្រូល ព្រោះ​ថាកាល​ណាមានការត្រួតពិនិត្យ និងបានយល់ដឹង គឺហាក់​ដូចជាបាន​បង្កើនការប្រុងប្រយ័ត្ន​​​លើក​កម្ពស់ថែរ​ក្សា​​សុខភាព​។

អាជីវកររូបនេះអះអាងថា កន្លងមក លោកធ្លាប់​ទិញទំនិញខ្វះការត្រួតពិនិត្យ ទំនិញខ្លះហួសកាលកំណត់​ប្រើប្រាស់ពិបាកលក់ ហើយចំពោះគ្រឿសមុទ្រនេះ អាជីវករមិនមានឧបករណ៍ពិសោធន៍នោះទេ ជឿជាក់តែ​ទៅលើអ្នក​នាំ​​ចូល ដូចនេះលោកបានសំណូមពរឱ្យមន្ត្រីជំនាញនៅតាមព្រំដែនជួយមើលៗផង។

​សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានធ្វើសកម្មភាពត្រួតពិនិត្យចំណីអាហារ ដែលលក់ចល័តរបស់បអាជីវករខ្មែរ-ថៃ ​​ដែលជាកត្តាមួយបានបង្ហាញឱ្យឃើញពីការយកចិត្តទុក​ដាក់​ ក្នុងការ​លើក​កម្ពស់សុខ​ភាព​ទាំងអស់គ្នានៅតាមទីប្រជុំជន និងទីជនបទ៕