(បាត់ដំបង)៖ ប្រភពទឹកក្នុងស្ទឹងមោង និងក្នុងអាងទឹកបាសាក់ ដែលជាប្រភពទឹក​ដ៏សំខាន់ និងដែលធ្លាប់បម្រើឲ្យការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ​បានរីងស្ទើរអស់ទៅហើយ និងអាចទ្រទ្រង់ការប្រើប្រាស់បានប្រមាណ​១​សប្តាហ៍ទៀតប៉ុណ្ណោះ នៅស្រុកមោឬស្សី ខេត្តបាត់ដំបង។

ឆ្លើយតបនឹងការប្រឈម​នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងក្រុមការងារមួយក្រុម​ដឹកនាំដោយលោក ចាន់ យុត្ថា រដ្ឋលេខាធិការ ចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីនាំទឹកពីទីតាំងផ្សេង​មកផ្គត់ផ្គង់ស្រុកមោឬស្សី ដោយត្រូវនាំទឹកពីស្រុករតនមណ្ឌល ដែលមានចម្ងាយប្រមាណ​ជាង​១០០គីឡូម៉ែត្រ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលកំពុងដឹកនាំក្រុមការងារនាំទឹកនេះ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ថា សម្រាប់ខេត្តបាត់ដំបង ស្រុកដែលប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ មាន​៣​ស្រុក គឺ​ស្រុករុក្ខគិរី ស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ​ តែចំពោះស្រុកគាស់ក្រឡ​បានដោះស្រាយរួចហើយ​។

លោកអះអាងទៀតថា ​ចំពោះស្រុកមោងឫស្សី អាចនឹងប្រឈមក្នុងរង្វង់មួយសប្ដាហ៍ខាងមុខ តែបញ្ហានេះក្រសួងក៏បានពិនិត្យឃើញជាមុន និងបានត្រៀមលក្ខណៈសម្បត្តិ សម្រាប់ការជួយអន្តរាគមន៍មួយជំហានរួចហើយផងដែរ​។ បច្ចុប្បន្នក្រុមការងារ បាននិងកំពុងធ្វើឋានលេខា និងឈានទៅស្ដារបន្ថែម នូវប្រឡាយប្រមាណ​៤​ទៀត​ប៉ុណ្ណោះ​។

មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ បានបន្ថែមថា ​ទឹកដែល​នាំយកមកជួយស្រុកមោងឫស្សីនាពេលនេះ គឺ​យកមកពីទំនប់ពហុបំណង ស្ថិតក្នុងស្រុករតនមណ្ឌល ដោយបើក​ទម្លាក់ចូលក្នុងស្ទឹងសង្កែ មកដល់ទំនប់កង្ហត យើងបង្វែរចូលតាមប្រឡាយមេជាង​៤០គីឡូម៉ែត្រ​ទៀត ទើបមកដល់ទីប្រជុំជនស្រុកមោងឬស្សី​។

លោក ចាន់ យុត្ថា បាន​បញ្ជាក់ថា ជាសរុប​ចម្ងាយពីប្រភពទឹក មកដល់កន្លែងដែលទទួលប្រើប្រាស់​មានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រឯណោះ ប៉ុន្ដែក្រុមការងារប្ដេជ្ញាថានឹងធ្វើការងារនេះឲ្យបានល្អជាទីបំផុត ដើម្បីប្រជាពលរដ្ឋអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ដូចធម្មតាឡើងវិញ។

សូមជម្រាបថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។

រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។ នេះបើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុកទប់ទល់នឹងគ្រោះរាំងស្ងួតដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ៕