(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រី និងក្រុមអនាម័យក្រុង បន្តចុះសម្អាតបរិស្ថានតាមដងផ្លូវ នៅចំណុចចំណោតយាយម៉ៅ ឃ្លាំងលើ ក្រុងព្រះសីហនុ បន្ទាប់ពីលោកនិងមន្ត្រីមួយចំនួនទៀតក៏បានចុះទៅសំអាតអនាម័យនៅចំណុចមុខរោងចក្រស្បែក ជើងញូស្តារ និងជួបសំណេះសំណាលសួរសុខទុក្ចកម្មករនៅទីនោះផងដែរ។

អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា នេះគឺជាផ្នែកមួយក្នុងការបំផុសស្មារតីពលរដ្ឋឱ្យងាកមកចាប់អាម្មណ៍និងចូលរួមជាមួយអាជ្ញាធរ ដើម្បីលើកកម្អស់សម្រស់ទីក្រុង ដែលបរិស្ថានស្អាត គឺត្រូវផ្តើមចេញពីប្រជាពលរដ្ឋយើងម្នាក់ៗចូលរួម។

លោកអភិបាល បានបញ្ជាក់ថា ខេត្តព្រះសីហនុ គ្រោងធ្វើស្ពានដែកមួយខ្សែឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ ដើម្បីជួយសម្រួលដល់កម្មករ កម្មការិនី ធ្វើដំណើរឆ្លងកាត់ទៅមកធ្វើការងារ នៅរោងចក្រខាងលើនេះ។ ស្ពាននេះជំនាញបានសិក្សារួចហើយ ដោយគ្រោងចំណាយថវិការប្រមាណ ១០ម៉ឺនដុល្លារអាមេរិក ហើយគ្រោងចាប់ដំណើរការសាងសង់ នៅខែមីនាឆ្នាំ២០១៩ ខាងមុខនេះ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានដឹងថា ស្ពានដែកឆ្លងផ្លូវនេះមានប្រវែង២៤ម៉ែត្រ កំពស់៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ រថយន្តកុងតែន័រអាចរត់ក្រោមស្ពាននេះបាន។ ស្ពាននេះនឹងអាចជួយសម្រួលការកកស្ទះ និងហានិភ័យដល់កម្មករ កម្មការិនី បានមួយកម្រឹតដែរ៕