(ភ្នំពេញ)​៖​ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសេីរថ្លៃថ្លា​ នៃព្រះរាជ​ពិធី​ចម្រើនអាយុវឌ្ឍនមង្គល​ និងស្រង់​ព្រះសុគន្ធវារី​ ថ្វាយសម្តេចព្រះ​អគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ ទេព​ វង្ស​ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជា​ណាចក្រកម្ពុជា​ ក្នុងព្រះជន្មាយុ​ ៨៧​ យាងចូល​ ៨៨ព្រះវស្សា​​ នៅព្រឹកថ្ងៃសុក្រ​ ១២រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​១ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ និងសហការី​ចូលក្រាបបង្គំគាល់​ ដើម្បីប្រគេនថ្វាយព្រះសព្ទសាធុការពរ​ជ័យ​ បវរសួស្តី​ សិរីវឌ្ឍនា​ វិបុលសុខមហាប្រសេីរ​គ្រប់ប្រការ​ប្រកបដោយកត្តញូកតវេទិតាធម៌​ ថ្វាយ​សម្តេចព្រះ​អគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងសារលិខិតថ្វាយព្រះពរ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានលេីកឡេីងថា​ «ព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គតែងតែបានបរិច្ចាគថវិកា និងដឹកនាំយ៉ាងសកម្មក្នុងការអប់រំព្រះធម៌ ផ្សព្វផ្សាយព្រះធម៌ដល់ព្រះសង្ឃ និងពុទ្ធសាសនិកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យមានធម៌ខន្ដី រួបរួមសាមគ្គីគ្នាជាធ្លុងមួយ លើកស្ទួយតម្លៃព្រះពុទ្ធសាសនា ដើម្បីសុខ​សន្តិភាព ស្ថិរភាពរឹងមាំក្រោមអគ្គមគ្គុទេ្ទសក៍ដ៏ឧត្ដុង្គឧត្ដមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»

ក្នុងឱកាសនោះ​ដែរ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានប្រគេនថ្វាយ​សម្តេចព្រះ​អគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ នូវ​ផ្លែឈេីមួយកន្ត្រក​ ផ្កាមួយកន្ត្រក និងបច្ច័យចំនួន​ ១០លានរៀល​ តាមរយៈ​លោកស្រី​អគ្គលេខាធិការរងទី​១​ និងសហការីផងដែរ។

ជាមួយគ្នានេះ​ គណៈប្រតិភូ​ បានរាប់បាត្រប្រគេនព្រះសង្ឃ ១០៨អង្គ​ ក្នុង​ ១អង្គៗ​ បច្ច័យចំនួន​ ៥០,០០០រៀល។ ជូនយាយជីតាជី​ចំនួន​ ៥០នាក់​ ក្នុងម្នាក់ៗ​ ក្រណាត់ស​ ១ដុំ​ ថវិកា​ ១០,០០០រៀល ជូនចាស់ជរាគ្មានទីពឹង​​មកពីស្រុកកណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ ចំនួន​ ៥០នាក់​ ក្នុងម្នាក់ៗ​ ក្រណាត់ស​ ១ដុំ​ ថវិកា​ ១០,០០០រៀល ជូនលោកគ្រូអ្នកគ្រូ​នៃសាលាបឋមសិក្សានរោត្តម​ និងសាលាបឋមសិក្សាចតុមុខ​ ចំនួន ៥០នាក់​ ក្នុងម្នាក់ៗ​ ថវិកា​ ២០,០០០រៀល​ ​ និងជូនសិស្សានុសិស្ស​​នៃសាលា​បឋមសិក្សានរោត្តម​ និងសាលាបឋមសិក្សាចតុមុខ​ ចំនួន​ ១៥០នាក់​ ក្នុងម្នាក់ៗ​ ថវិកា​ ៥,០០០រៀល។

សូមបញ្ជាក់ថា​ ក្រណាត់ស​ បច្ច័យ​ និងថវិកា​ ទាំងអស់ខាងលេីនេះ ជាអំណោយផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​៕