(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារ វិស័យជលផលប្រចាំឆ្នាំ២០១៨ និងទិសដៅការងារអនុវត្តបន្តនៅឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសមាជិក-សមាជិកាប្រមាណជា៤០០នាក់។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអានរបាយការណ៍បូកសរុប និងវាយតម្លៃលើលទ្ធផល ដែលសម្រេចបានលើការងារវិស័យជលផលនាឆ្នាំ២០១៨ កន្លងមកជូន អង្គពិធីជ្រាប ដោយសង្ខេបដែលមានខ្លឹមសារ សំខាន់ផ្តោតទៅលើរួមមាន៖

* ការងារអភិវឌ្ឍន៍វារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃ
* ការងារអភិវឌ្ឍសហគមន៍
* ការងារគ្រប់គ្រងព្រៃលិចទឹក និងការបោះបង្គោលដែនជម្រកត្រីពូជ
* ការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្យាយបច្ចេកទេស
* ការភ្ញាស់កូនត្រីពូជ វិស័យកែច្នៃផលិតផលត្រី
* ការរៀបចំលិខិតបទដ្ឋានកតិយុត្តសំខាន់ៗមួយចំនួនទៀត និងកិច្ចសហការជាមួយអង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជន -ល-។

លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រកបដោយ ស្មារតីយកចិត្ត ទុកដាក់ និងការលះ បង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងជាពិសេសលោកបានវាយតម្លៃខ្ពស់ចំពោះធាតុចូលគំនិត បទពិសោធន៍ និងវិធានការថ្មីៗ ដែលអង្គប្រជុំ សម្រេចបានក្នុងរយៈ២ថ្ងៃកន្លងមកនេះ។

លោកបន្ដថា ការខិតខំប្រឹងប្រែងនេះ គឺស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យជលផល ដែលនេះជាសក្ខីភាពបង្ហាញឲ្យឃើញ នូវការចូលរួមចំណែកលើកកម្ពស់វិស័យជលផល នៅកម្ពុជា ឲ្យមានការរីកចម្រើនប្រកបដោយមោទនភាព។

ដោយឡែក របាយការណ៍របស់រដ្ឋបាលជលផល ក៏បានបង្ហាញឲ្យឃើញពីបញ្ហាលំបាក នៃវិស័យជលផលចំពោះមន្រ្តីជំនាញ ក្នុងពេលបំពេញការងារ ការអនុវត្តទាំងច្បាប់ និងបច្ចេកទេស រួមជាមួយការបង្គ្រាប បទល្មើសផងដែរ ក៏ប៉ុន្តែលោក លោកស្រី នាងកញ្ញាទាំងអស់ បានខិតខំប្រឹងប្រែង ជម្នះឧបសគ្គនានា ដើម្បីសម្រេចបានលទ្ធផលដ៏ធំធេង នៅក្នុងឆ្នាំ២០១៨នេះ ហើយសង្ឃឹមថា ក្នុងឆ្នាំ២០១៩ និងទទួលបានលទ្ធផល កាន់តែល្អប្រសើរថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអង្គពិធីជ្រាបថា ការគ្រប់គ្រងធនធានធម្មជាតិ ឲ្យមាននិរន្ដរភាព គឺជាភារកិច្ចមួយ ដែលមានលក្ខណៈលំបាកស្មុគស្មាញ ប្រទាក់ក្រឡាគ្នាដែលទាមទារ ឲ្យថ្នាក់ដឹកនាំ គ្រប់អង្គភាព និងមន្រ្តីជំនាញត្រូវបង្កើនស្មារតីទទួលខុសត្រូវ ផ្តល់កិច្ច សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ឲ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ និងអភិរក្ស ធនធានធម្មជាតិរបស់ជាតិយើង ឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានផ្តល់អនុសាសន៍ចំនួន១៥ចំណុច ជូនថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីជំនាញជលផល ដើម្បីពង្រឹងការងារដឹកនាំ គ្រប់គ្រងទាំងការងាររដ្ឋបាលបច្ចេកទេស និងការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាព ឈានទៅធ្វើការអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព៕