(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ នរោត្តម មុនីនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានព្រះបរមរាជានុញ្ញាត ឲ្យលោកស្រីឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំក្រុមហ៊ុន បានចូលក្រាបបង្គំគាល់ និងថ្វាយនូវតង្វាយ ជាអង្ករ និងថវិកា សម្រាប់ការងារមនុស្សធម៌។

លោកឧកញ៉ា លាង ឃុន បានថ្វាយនូវតង្វាយជាអង្ករចំនួន១០០តោន និងថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក (មួយសែនដុល្លារសហរដ្ឋអាមេរិក) សម្រាប់ព្រះមហាក្សត្រ ទ្រង់យកទៅប្រើប្រាស់ការងារមនុស្សធម៌ តាមសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧកញ៉ា លាង ឃុន និងភរិយា ព្រមទាំងសហការី នៃថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ សូមព្រះមេត្តាប្រសិទ្ធពរជ័យ មហាប្រសើរថ្វាយ ព្រះករុណាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយ៉ឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្ត្រជាកូនចៅ ទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕