(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានដាស់តឿនដល់បណ្តាលម្ចាស់អាជីវកម្ម និងម្ចាស់គម្រោងនានា ដែលប្រកបអាជីវកម្មរបស់ខ្លួន នៅក្នុងក្រុងប៉ោងប៉ែតទាំងអស់ ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។

ការលើកឡើងបែបនេះរបស់ លោក សាន ស៊ានហូ បានធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈចូលរួមកម្មវិធីចុះហត្ថលេខា កិច្ចសន្យាសាងសង់ ផ្ទះល្វែងអាជីវកម្ម និងវីឡា ស្តារហ្គោល រវាងក្រុមហ៊ុន ស្តារហ្គោល និងក្រុមហ៊ុន ឌី ខន ខូអបភើរេសិន នៅក្នុងការិយាល័យស្តារ ហ្គោល ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សាន ស៊ានហូ បានថ្លែងថា នាពេលបច្ចុប្បន្ននេះក្រុងប៉ោយប៉ែត មានការរីកចម្រើនយ៉ាងខ្លាំង មានទាំងសណ្ឋាគារ អគារ ខូនដូ វីឡា ផ្ទះល្វែងជាច្រើន តែទីតាំងថ្មីមួយនេះ គឺក្រុមហ៊ុនស្តារ ហ្គោល មានចាប់កំណើតថ្មី ដោយបានដាក់ទន់វិយោគគិតជាថវិកាជិត១០០លានដុល្លារឯណោះ ដែលមានផ្ទះដីជិត១០ហិតា និងជាចំណុចជិតព្រំដែនកម្ពុជា ថៃ និងជាបេះដូងក្រុងប៉ោយប៉ែត ហើយតំបន់នេះមានហ៊ុព័ទ្ធទៅដោយកាស៊ីណូ ផ្សារទំនើប អាគារខ្ពស់ៗ ជាច្រើនកន្លែង។

អភិបាលក្រុងប៉ោយប៉ែត បានបន្តថា យើងគិតថាកន្លែងនេះជាចក្ខុវិស័យយ៉ាងសំខាន់ ក្នុងនាមលោកជាអាជ្ញាធរដែនដី គឺលោកញុំសុំគាំទ្រទាំងស្រុកចំពោះ ការគិតគូរបស់ក្រុមហ៊ុនស្តារ ហ្គោលដែលបានចេញប្លង់ ហើយគិតថាទាំងសង់ខាងចំនុចនេះ នឹងបន្ថែមអាគារខូនដូ និងសណ្ឋាគារ លោកគិតនឹងមានជនជាតិបរទេស និងបងប្អូនរួមជាតិនឹងទិញគម្រោងនេះ។

លោក សាន ស៊ានហូ បានបន្ថែមថា គិតថាក្នុងឆ្នាំ២០១៩ ឆ្នាំ២០២០ ក្រោយពីសំណងនេះនឹងចាប់ផ្តើមសាងសង់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ផ្តើមសាងសង់ហើយ និងត្រូវបំពេញកាតព្វកិច្ចបង់ពន្ធចូលរដ្ឋ និងចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពី ពន្ធដារបង់ពន្ធតាមកាលបរិច្ឆេទកំណត់, កាន់កាប់ថែរក្សា និង ត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ, បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទ ដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ ។

លោក សួង សុខហ៊ា ម្ចាស់គម្រោង Star Gold បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តវិនិយោគគម្រោងមួយឈ្មោះ Star Gold លើផ្ទៃដីជិត១០ហិតា ដោយបែងចែកជាពីរផ្នែក ដូចជាទី១៖ ជាប្រភេទដីឡូត៍ សម្រាប់សាងសង់ ផ្ទះល្វែង វីឡា អាគារពាណិជ្ជកម្ម និងទី២៖ សាងសង់ជាលំនៅដ្ឋានប្រភេទ Link House និង Shop House។ វិនិយោគនៅក្នុងតំបន់ពិសេសនេះ ធ្វើឱ្យអ្នកវិនិយោគអាចទទួល បានផលចំណេញច្រើន ដោយសារបន្ទប់ជួលនៅក្នុងតំបន់នេះ អាចជួលបានជាង៣០០ដុល្លារ ហើយក្រុមហ៊ុនទទួលជួលវិញ ក្នុងអាគារតម្លៃចាប់ពី១២០០ដុល្លារវិញផងដែរ។

លោកបន្តថា «ការសម្រេចចិត្តវិនិយោគគំរោងនេះ ដោយសារក្រុងប៉ោយប៉ែតមានការរីកចម្រើនលឿន និងចំនួនអ្នកវិនិយោគចូលមកកាន់តែច្រើន ដែលធ្វើឱ្យខ្វះកន្លែងស្នាក់នៅ និងការិយាល័យធ្វើការ»។ លោកបន្តថា ជាមួយនឹងការគិតគូពីសុខមាលភាពប្រជាពលរដ្ឋ ក្រុមហ៊ុនបានគិតគូរលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយគុណភាព និងផ្លូវមានទំហំចន្លោះពី១០ទៅ១៨ម៉ែត្រ៕