(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកប្រវត្តិសាស្ដ្ររបស់កម្ពុជា បានអះអាងដូចៗគ្នាថា ការប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ជារឿងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ និយាយរួមទណ្ឌិតរូបនេះមិនហ៊ានវិលត្រឡប់មកស្រុកខ្មែរវិញនោះឡើយព្រោះខ្លាចជាប់គុក។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកសាស្ដ្រាចារ្យ ឌៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ បានបញ្ជាក់ថា «ទណ្ឌិត សម រង្ស៉ី មិនហ៊ានវិលចូលប្រទេសកម្ពុជា ដូចការសន្យាឡើយ ព្រោះបុគ្គលរូបនេះខ្លាចការអនុវត្តច្បាប់របស់កម្ពុជា ពោលសម រង្ស៉ី ខ្លាចជាប់គុក»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ក៏បានអះអាងដូចគ្នាដែរថា ក្រៅពីភាពភ័យខ្លាចរឿងជាប់គុកហើយ ក្រុមដែលមាននិន្នាការគាំទ្រលោក កឹម សុខា ក៏ជាឧបសគ្គធំមួយរបស់លោក សម រង្ស៉ី ផងដែរ។

ក្នុងកិច្ចពិភាក្សាស្ដីពីស្ថានភាពនយោបាយចុងក្រោយ នៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩​ ទាំងមន្ដ្រីរដ្ឋាភិបាល និងអ្នកប្រវត្តិសាស្ដ្រ​ បានឲ្យដឹងទៀតថា សម្រាប់គម្រោង​ថវិកា ៣០ម៉ឺនដុល្លារ ដើម្បីត្រៀម​ក្នុងការត្រឡប់មកកម្ពុជា​ពីសំណាក់លោក សម រង្ស៉ី នេះ ក៏ជារឿងបោកប្រាស់ ដោយបានដាក់ការសង្ស័យថា លោក សម រង្ស៉ី អស់លុយចាយហើយដើររៃអង្គាសពីអ្នកគាំទ្រវិញប៉ុណ្ណោះ។

លោកបណ្ឌិត សុខ ទូច ក្រៅពីចំអកឲ្យលោក សម រង្ស៉ី ​ជាបុគ្គលខ្លាចគុកហើយនោះ ក៏បានលើកឡើងទៀតថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋកម្ពុជា ដែលស្រលាញ់ប្រជាធិបតេយ្យពិតប្រាកដមិនត្រូវការលោក សម រង្ស៉ី ទៀតនោះទេ ព្រោះក្រុមទណ្ឌិតរត់ចោលស្រុករូបនេះ គ្មានបានជួយអ្វីដល់កម្ពុជាក្រៅតែពីបំផ្លាញប៉ុណ្ណោះ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១៥មកលោក សម រង្ស៉ី ដែលកំពុងជាប់បណ្ដឹងយ៉ាងច្រើននៅតុលាការ​ តែងតែប្រកាសវិលត្រឡប់មកកម្ពុជាវិញ ប៉ុន្ដែរូបលោកមិនដែលគោរពការសន្យានោះឡើយ។ ទាំងក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ សុទ្ធតែបានអះអាងថា មានដីកានៅក្នុងដៃរួចហើយ ដើម្បីអនុវត្តតាមវិធានការច្បាប់ចំពោះលោក សម រង្ស៉ី ពេលត្រឡប់មកប្រទេសកម្ពុជាវិញ៕​