(ភ្នំពេញ)៖ រសៀលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាលចិន ដែលបានកំពុងជួយយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់វិស័យសកម្មភាពមីននៅ​កម្ពុជា ទាំងធនធានបច្ចេកទេស និងហរិញ្ញវត្ថុ។

ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានស្នើសុំឲ្យរដ្ឋាភិបាលចិន ដែលជាមិត្តជិតស្និត​ហើយតែងតែសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជួយដល់កងទ័ពជើងគោកកម្ពុជា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីកងទ័ពមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមបោសសម្អាតមីនមនុស្សធម៌ និងដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីននៅឆ្នាំ២០២៥នៅកម្ពុជា។

ជាមួយគ្នានេះ លោក Wang Wentian បានសន្យាថា លោកនឹងរាយការណ៍ជូនថ្នាក់ដឹកនាំ និងរដ្ឋាភិបាលរបស់លោកចំពោះសំណើសុំរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងការជួយជ្រោមជ្រែងដល់កងទ័ពជើងគោក ចូលរួមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា៕​