(ចិន)៖ កាលពីពេលថ្មីៗនេះ ប៉ូលិសនៅខេត្ត ហ័រណាន ប៉ែកកណ្ដាលប្រទេសចិន បានរកឃើញករណីបើកអាជីវកម្មពីរ៉ាមីត ដែលហៅមនុស្សឱ្យចូលធ្វើជាបណ្ដាញ (Pyramid Scheme) តាមអ៊ីនធើណេតមួយ ដោយបានរឹបអូសក្រដាសប្រាក់បានប្រមាណ១៩០លានដុល្លារអាមេរិក និងចាប់ខ្លួនជនសង្ស័យសំខាន់ៗចំនួន២៧នាក់។

បន្ទាប់ពីបានឡោមព័ទ្ធផ្ទះមួយ ដែលជនសង្ស័យបានប្រើដើម្បីដំណើរការអាជីវកម្មពីរ៉ាមីតតាមអ៊ីនធើណេតនៅខណ្ឌចៀនអាន ក្រុងស៊ូឆាង រួចមកប៉ូលិសក៏ចុះបង្រ្កាបជាបន្តនៅក្រុងជីនហួរ ខេត្តជឺជាំង ប៉ែកខាងកើតប្រទេសចិន។

លោក ស៊ូ យ៉ាហ្វ៉ាង ប៉ូលិសស៊ើបអង្កេតពិសេស អង្គភាពបង្រ្កាបបទល្មើសអាជីវកម្មពីរ៉ាមីត តាមអ៊ីនធើណេត ប៉ុស្តិ៍សន្តិសុខសាធារណៈ ខ័ណ្ឌចៀនអាន ក្រុងស៊ូឆាង ខេត្តហ័រណាន និយាយថា «ក្នុងចំណោមបន្ទប់ទាំងបី មានបន្ទប់មួយដែលមានតុតែមួយគត់ ដែលមានដាក់សុទ្ធតែកេសលុយជាច្រើនកេស។ ឯបន្ទប់ទីពីរ មានសុទ្ធតែលុយ ហើយបន្ទប់ទីបីមានលុយខ្ចប់ទុកក្នុងវ៉ាលី»

កាលពីខែមិថុនា២០១៨ ប៉ូលិសក្រុងស៊ូឆាង បានទទួលតំរុយមួយពីរដ្ឋបាលឧស្សាហកម្ម និងពាណិជ្ជកម្មនៅមូលដ្ឋានថា មានក្រុមហ៊ុនអ៊ីនធើណេតមួយឈ្មោះថា «I Am a Clown» ជាប់សង្ស័យថា បើកអាជីវកម្មពីរ៉ាមីត ហៅមនុស្សឱ្យចូលបណ្ដាញ នៅក្រុងហាងចូវ។

ប៉ូលិសស៊ូឆាង បានរកឃើញថាក្រុមហ៊ុននេះ កំពុងផ្សាយវេបសាយមួយឈ្មោះថា «IAC» ដែលគេសង្ស័យថា ជាបណ្ដាញសង្គមមួយដែលប្រើបច្ចេកវិទ្យាប្លុកឆេន ទិន្នន័យធំ និងបញ្ញានិម្មិត ព្រមទាំងរៀបចំសកម្មភាពផ្សព្វផ្សាយនៅតាមកន្លែងជាច្រើនក្នុងប្រទេសចិន តែក្រោយមកប៉ូលិសក៏រកឃើញថាក្រុមហ៊ុននេះបើកអាជីវកម្មពីរ៉ាមីត ដែលជាទង្វើខុសច្បាប់ នៅប្រទេសចិន។

លោក យ័ន សៀនចាវ មេបញ្ជាការ អង្គភាពស៊ើបអង្កេតបទស្មើសសេដ្ឋកិច្ច ប៉ុស្តិ៍សន្តិសុខសាធារណៈ ខ័ណ្ឌចៀនអាន ក្រុងស៊ូឆាង ខេត្តហ័រណាន និយាយថា «តាមពិតទៅ ជនសង្ស័យបានប្រើប្រព័ន្ធបបួលមនុស្ស និងចុះឈ្មោះ ដែលតម្រូវឱ្យអ្នកដែលចង់ចូលជាសមាជិក ត្រូវបង់ប្រាក់ថ្លៃចុះឈ្មោះចូលក្នុងប្រព័ន្ធ។ ប្រព័ន្ធនេះប្រើវិធីសន្យាឲ្យប្រាក់ចំណេញវិញខ្ពស់ដល់សមាជិក ដើម្បីទាក់ទាញមនុស្សឱ្យមកចុះឈ្មោះចូលជាសមាជិកក្នុងប្រព័ន្ធរបស់គេ។ វាច្បាស់ណាស់ថាអាជីវកម្មបែបនេះ គឺជាប្រភេទអាជីវកម្មពីរ៉ាមីតតាមអ៊ីនធើណេត»៕ (សារព័ត៌មាន CCTV របស់ចិន)