(សៀមរាប)៖ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងស្នងការនគរបាលខេត្ត បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវ/ថ្នល់ ឱ្យមានការប្រុងប្រយ័ត្ន ស្ថិតនៅតាមបណ្តោយជាតិលេខ៦ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

យុទ្ធនាការនេះដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត រួមនឹងលោក លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប, លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក រួមនិងមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។

នៅក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរ ស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅមុនឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។

ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះ គឺបានចែកជូននូវសម្ភារៈមួយចំនួនដូចជាទី១៖ មួកសុវត្ថិភាព៣៥មួក, ទី២៖ សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល, ទី៣៖ ស្សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ២០០ក្បាល,ទី ៤៖ ខិតប័ណ្ណជំនួយស្មារតីស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក៨០០ច្បាប់, ទី៥៖ ផ្លិតសុវត្ថិភាព (ជំហ៊ានសុវត្ថិភាព) ២០០ផ្លិត, ទី៦. ផ្ទាំងសញ្ញាចរាចរណ៍, ថ្មើជើង, ការកំណត់ទំហំទ្រុងរថយន្ត សរុប៦០ផ្ទាំង, ទី៧៖ ចំណាំងផ្លាត ៤០០សន្លឹក, ៨៖ កាតសុវត្ថិភាព៥០០កាត, និងទី៩៖ សីលធម៌១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍១០០សន្លឹក ផងដែរ៕