(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ក៏បានស្នើឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំង៣៤ នៅក្នុងខេត្តព្រះវិហារ ត្រូវតែមានការិយាល័យរបស់ខ្លួន នៅក្នុងក្រុង បើទោះបីស្នាក់ការ នៅទីតាំងដីមានរួចទៅហើយ គឺត្រូវតែមានស្នាក់ការបន្ថែម ដើម្បីធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងមន្ទីរកសិកម្ម ដើម្បីជួបដោះស្រាយបញ្ហាដែលកើតមានឡើងជាមួយប្រជាពលរដ្ឋ និងការវិនិយោគ ផ្សេងៗ។

ជាមួយគ្នានេះ អភិបាលខេត្តព្រះវិហារ ក៏បានណែនាំឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលមិនទាន់បានចុះបញ្ជី សូមពន្លឿនការចុះបញ្ជីឲ្យបានឆាប់រហ័ស ជាពិសេសត្រូវគ្រប់គ្រងដី ដែលចុះបញ្ជីហើយ ឲ្យបានល្អចៀសវាងមានការរំលោភកាន់កាប់ណាមួយ ពីសំណាក់ប្រជាពលរដ្ឋ នាំឱ្យមានបញ្ហាកើតឡើងនៅថ្ងៃក្រោយ។

ការលើកឡើងរបស់លោក​ អ៊ុន ចាន់ដា​ បានធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី «ការជំរុញឲ្យក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចឲ្យចុះបញ្ជីដីរដ្ឋ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្ត។

នៅក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងថា «យើងត្រូវអនុវត្តវិធានការច្បាប់ ដើម្បីកុំឱ្យមានបញ្ហានៅពេលនេះ និងរយៈពេល៣ឆ្នាំ ទៅមុខទៀតជាមួយប្រជាពលរដ្ឋ ព្រោះឱកាស នៃការដោះស្រាយបញ្ហាទាំងឡាយ គឺក្នុងរយៈពេល៣ឆ្នាំនឹង។ ចឹងរយៈពេល៣ឆ្នាំនេះ គឺយើងត្រូវដោះស្រាយបញ្ហាឱ្យស្អាត បញ្ជៀសនូវបញ្ហាអសកម្មផ្សេងៗ ពិសេសត្រូវហ៊ានអនុវត្តច្បាប់ ចំពោះជនខិលខូចទាំងឡាយណា ដែលគាត់មិនអនុវត្តច្បាប់យកបញ្ហាច្បាប់មកធ្វើជារឿងនយោបាយ គឺមិនឱ្យមានជាដាច់ខាត»

លោកបានបន្តថា ការងារត្រូវអនុវត្តបន្តជាមួយក្រុមហ៊ុននៅសេសសល់ចំនួន១១ក្រុមហ៊ុនទៀត។ លោកបានស្នើសុំឱ្យបង្កើតក្រុមការងារមួយ ដឹកនាំដោយអភិបាលរងខេត្តមួយរូប ដោយមានការចូលរួមពីមន្ទីរកសិកម្ម មន្ទីរដែនដី និងការិយាល័យអន្តរវិស័យរបស់សាលាខេត្តផងដែរ ដើម្បីធ្វើការដោះស្រាយបន្ត។

លោកបានបញ្ជាក់ថា នៅពេលដែលក្រុមហ៊ុនទាំងអស់ បានចុះបញ្ជីររួចហើយ ក្រុមហ៊ុនត្រូវបន្តការពារដីនេះ មិនមែនចុះបញ្ជីហើយ លែងការពារទុកចោល និងក៏ពិបាកដែរ។ «យើងមិនចង់ឱ្យមានការប្តឹងផ្តល់គ្នាតទៅទៀតទេ ពេលដែលដីចុះបញ្ជីហើយនោះទេ។ ដីដែលបានចុះបញ្ជីហើយត្រូវតែបន្តការពារ ទោះបីផែនការប្រើប្រាស់ដីរបស់យើងវាមិនទាន់ដល់កន្លែង និងយ៉ាងក៏ដោយ ប៉ុន្តែតែមានសន្តិសុខការពារ ក្រុមល្បាត ក្រុមមើលតាមនឹងទៅការកំណត់ព្រំ ការជីកប្រឡាយព្រំត្រូវធ្វើជាប្រចាំត្រូវមានសន្តិសុខការពារដីជាប្រចាំ»