(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប បានដាក់ឲ្យដំណើរការហើយនូវច្រកទ្វារអេឡិចត្រូនិក (E-gates) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋខ្មែរ។

ក្នុងពេលអញ្ជើញដាក់ឲ្យដំណើរការជាផ្លូវការនូវច្រកទ្វារអេឡិចត្រូនិកនៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងថា ការដាក់ឱ្យដំណើរការប្រើប្រាស់ជាលើកដំបូងប្រព័ន្ធច្រកទ្វារអេឡិចត្រូនិក (E-gates) នេះ នឹងជួយសម្រួលដល់ការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរ ដោយមិនបាច់ទៅកាន់បញ្ជរមានមន្ត្រីអន្តោប្រវេសន៍ដើម្បីវាយត្រាលើលិខិតឆ្លងដូចសព្វដងទៀតនោះទេ។ ច្រកទ្វារ E-gates នេះជាប្រព័ន្ធស្វ័យប្រវត្ត ដែលប្រជាពលរដ្ឋអាចបញ្ជាក់លិខិតឆ្លងដែនដោយខ្លួនឯង មិនបាច់មានមន្ត្រីអន្តោប្រវេសន៍ទៀតនោះឡើយ លើកលែងតែមានឧបសគ្គខ្លះៗ ជាបច្ចេកទេស ទើបត្រូវការជំនួយពីមន្ត្រីនគរបាលអន្តោប្រវេសន៍។

នាយឧត្តមសេនីយ៍ បានបន្តថា «ដំណើរការ នៃម៉ាស៊ីននេះ មានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋយើង គឺគាត់ចំណាយពេលតិច លឿនរហ័ស។ ជាសេវាដែលធ្វើដោយខ្លួនឯង ហើយប្រព័ន្ធនេះបង្កលក្ខណៈងាយស្រួលច្រើន ដែលធ្វើឱ្យអ្នកដំណើរជាប្រជាពលរដ្ឋខ្មែរយើងសប្បាយរីករាយ ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល»។

«ការដាក់ឱ្យដំណើរការម៉ាស៊ីនស្វ័យប្រព័ន្ធនេះ គឺអាចជួយដល់អង្គភាព ប៉ុស្តិ៍នគរបាលច្រកទ្វារទាំង២ (ប៉ុស្តិ៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប) បានច្រើន ព្រោះដោយសារអត់មានម៉ាស៊ីននេះ គឺអ្នកដំណើរពី២៥-៣០% នៃអ្នកដំណើររួម ដែលជាពលរដ្ឋខ្មែរ នឹងត្រូវកាន់មន្ត្រី ហើយមន្ត្រីយើងជាអ្នកពិនិត្យ រៀបចំ និងផ្តល់សេវាជូន ពេលគាត់ប្រើប្រាស់ម៉ាស៊ីននេះ មន្ត្រីយើងអាចធូរស្រាល បាន២០-៣០% ដោយប្រជាពលរដ្ឋបានចំណាយពេល៥ទៅ៧វិនាទី សម្រាប់អ្នកដំណើរម្នាក់»។ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់បន្ថែម។

ក្រៅពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅឯអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបវិញ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រជុំត្រួតពិនិត្យ នឹងដាក់ឱ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក (E-passports)ផងដែរ។

សូមបញ្ជាក់ ច្រកទ្វារ E-gates ជាច្រកទ្វារអេឡិកត្រូនិកបែបទំនើបមួយ ដែលប្រទេសកម្ពុជាទើបដាក់ឲ្យដំណើរការជាលើកដំបូង។ ដើម្បីប្រើប្រាស់ច្រកទ្វារ E-gates នេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែមានលិខិតឆ្លងដែនអេឡិចត្រូនិក (E-passports)។ ច្រកទ្វារបែបទំនើបនេះ នឹងជួយសម្រួលដល់ការចេញ-ចូលរបស់ប្រជាពលរដ្ឋខ្មែរកាន់តែងាយស្រួល និងមានភាពឆាប់រហ័សជាងពេលកន្លងទៅ៕