(កំពង់ស្ពឺ)៖ ថ្លែងចេញពីខេត្តកំពង់ស្ពឺ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានព្រមានថា នៅក្នុងអង្គភាពមួយ មិនគួរណាមានឪពុក និងកូន ឬក៏សាច់ញាតិធ្វើការនៅកន្លែងជាមួយគ្នានោះទេ ព្រោះវានឹងអាចធ្វើឲ្យមានការរិះគន់ច្រើនពីមនុស្សជុំវិញខ្លួន ក៏ដូចជាមហាជនជាដើម។

ការព្រមានយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញប្រកាសតែងតាំង នាយកសាលានាយទាហានសកម្ម ត្មាតពង ដោយឧត្តមសេនីយ៍ឯក ប៊ុត សុភាព ជំនួសឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ដែលទទួលភារកិច្ចថ្មី គឺនាយកទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា បើសិនជាមានឪពុក និងកូន ឬក៏សាច់ញាតិ ធ្វើការនៅក្នុងអង្គភាពតែមួយ ទោះជាធ្វើល្អយ៉ាងណាក៏ដោយ ក៏គេមិនសូវកើតសរសើរនោះទេ ប៉ុន្ដែផ្ទុយទៅវិញ មានតែគេចោទថា «ប្ដីវា ប្រពន្ធវា ឪវា កូនវាហ្នឹង»

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រូបនេះ បានបញ្ជាក់ទៀតថា ក្នុងនាមជាមេដឹកនាំក្នុងអង្គភាព នាយឧត្តមសេនីយ៍ ពិតជាខ្លាចខ្លាំងណាស់ ចំពោះរឿងបញ្ហានេះ ព្រោះវាមានតិចណាស់ ដែលគេកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ប៉ុន្ដែបើសិនណាជាកូនចៅរបស់គេធ្វើអាក្រក់វិញ ប្រាកដណាស់ច្បាស់ជាគេរិះគន់ជាមិនខាន។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្ថែមថា «នៅក្នុងអង្គភាពខ្ញុំថា បើល្អបំផុតយើងនៅក្នុងអង្គភាពរបស់យើងនេះ...ដែលមានកូនរបស់ខ្លួ​នឯង ចៅរបស់ខ្លួនឯង បងប្អូនរបស់ខ្លួនឯង ត្រូវធ្វើយ៉ាងម្ដេចគ្រប់គ្រង ឲ្យបានក្លាយទៅជាមនុស្សល្អ ដើម្បីជៀសវាងពីការរិះគន់»

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា បើសិនជាមានកូនចៅ ឬក៏សាច់ញាតិនោះ គួរតែយកឲ្យទៅធ្វើការនៅកន្លែងផ្សេងឲ្យខុសពីកន្លែងរបស់ខ្លួន ដើម្បីឲ្យគេចេញខិតខំ ប្រឹងប្រែងដោយខ្លួនឯង និងមិនចេះអាង៕

</p