(បាត់ដំបង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់អភិបាលរងខេត្ត មេបញ្ជារការយោធភូមិភាគទី៥ មេបញ្ជារប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្តជាច្រើននាក់ផងដែរ។

លោក ងួត រតនៈ បានបញ្ជាក់ថា «ថ្មីៗនេះអតីតក្រុមគាំទ្របក្សប្រឆាំង បានលបលួចធ្វើសកម្មភាពនៅតាមមូលដ្ឋាន សមត្ថកិច្ច និងអាជ្ញាធរដែនដីត្រូវសហការគ្នា តាមដានរាល់សកម្មភាពខុសច្បាប់ទាំងនោះ និងធ្វើការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាតក្នុងមូលដ្ឋានខ្លួនខុសត្រូវ»។

នៅក្នុងកិច្ចប្រជុំនេះ អភិបាលខេត្ត បានអនុញ្ញាតឲ្យអង្គភាពពាក់ព័ន្ធ ឡើងរាយការណ៍ពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ហើយនាំគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ មិនឲ្យកើតមានឡើងបន្តទៀត។

ជាមួយគ្នានេះ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននាំគ្នា ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវជួយប្រជាពលរដ្ឋណា ដែលកំពុងជួបប្រទះគ្រោះមហន្តរាយផ្សេងៗ និងនាំគ្នាចូល រួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ដើម្បីឲ្យប្រជាពលរដ្ឋយើង នៅតាមមូលដ្ឋានរស់នៅបានសុខស្បាយទាំងអស់គ្នាផងដែរ៕