(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងថា ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ ហ៊ាននិយាយបោកប្រាស់គ្រប់រូបភាព និងគ្រប់ល្បិចកលទាំងអស់ ដើម្បីសម្រេចបំណងរបស់ខ្លួន។

លោក សម រង្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលកំពុងឬថា ពួកបរទេសត្រៀមដាក់ទណ្ឌកម្មដកប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជា​ ស្រាប់តែទណ្ឌិត លើកឡើងថា បើសិនជា សម្តេចតេជោ ហ៊ុន​ សែន​ យល់ព្រមឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា​ ទណ្ឌិតនេះនឹងទៅចរចាជាមួយសហគមន៍អន្តរជាតិ ឱ្យលុបចោលការដាក់ទណ្ឌកម្មនេះវិញ។ ដូច្នេះ​ដើម្បីបានសម្រេចបំណងរបស់ខ្លួន​ ទណ្ឌិតរត់ចោលស្រុកនេះ ហ៊ាននិយាយបោកប្រាស់គ្រប់រូបភាព និងគ្រប់ល្បិចកល​ ហើយនៅទីបំផុតចង់តាំងខ្លួន ជាចៅហ្វាយនាយរបស់ចៅហ្វាយនាយខ្លួនទៅវិញ»​។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី នាថ្មីៗនេះ បានបន្តជំរុញដើម្បីឱ្យសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ EBA ចេញពីប្រទេសកម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់ការយកពន្ធអង្ករ ដែលនាំចូលពីប្រទេសកម្ពុជា។ បន្ទាប់ពីមានការជំរុញបែបនេះ លោក សម រង្ស៉ី បែរអះអាងថា លោកមានលទ្ធភាពចរចាជាមួយអឺរ៉ុបវិញជាដើម។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសម្តងហើយម្តងទៀតថា កម្ពុជានឹងមិនយកអធិបតេយ្យរបស់ខ្លួន ដើម្បីដោះដូរជាមួយជំនួយនោះឡើយ។ ជាមួយគ្នានេះ កម្ពុជាក៏បានដាក់ចេញយុទ្ធនាការពង្រឹងឯករាជ្យភាពផងដែរ៕