(ក្រចេះ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសតែងតាំងលោក ទ្រី សុភ័ក្រ ពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះថ្មី ជំនួសលោក កុយ ហ៊ួត ដែលត្រូវផ្លាស់ប្តូរទៅបំពេញការងារនៅនៅក្រសួងកសិកម្ម។

នៅក្នុងឱកាសនោះដែរ លោក វេង សាខុន បានជំរុញឲ្យមន្ត្រីទាំងអស់ថា បើធ្វើជាមន្រ្តីមិនត្រូវត្អូញត្អែរនូវការលំបាកតួនាទីការងាររបស់ខ្លួននោះទេ ត្រូវខិតខំព្យាយាម និងពង្រឹងការងារ ឲ្យបានជោគជ័យ និងត្រូវមានទំនាក់ទំនងល្អទាំងក្នុងអង្គភាព និងក្រៅអង្គភាព ពិសេសប្រជាពលរដ្ឋដើម្បីស្វែងយល់ និងដោះស្រាយនូវរាល់បញ្ហាដែលកើតមាន លើវិស័យកសិកម្មរបស់ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន សំដៅលើកម្ពស់សេដ្ឋកិច្ចជីវភាពក្នុងវិស័យកសិម្ម និងខិតខំទំនាក់ទំនងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ និងរកទីផ្សារដល់ទិន្នផលកសិកម្មរបស់ប្រជាពលរដ្ឋ។

លោកក៏បានណែនាំឱ្យលោក ទ្រី សុភ័ក្រ ជាប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលទើបនឹងចូលកាន់តំណែងឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ពាក់ព័ន្ធលើការងារវិស័យកសិកម្មនេះ ពោលគឺត្រូវខិតខំជួយប្រជាពលរដ្ឋលើការដាំដុះ និងត្រូវខិតខំគិតគូររកទីផ្សារឲ្យពួកគាត់ផងដែរ។

លោក វេង សាខុន បានបន្តថា រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ជាពិសេសផ្លូវដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅក្រៅ និងទំនាក់ទំនងនូវការអនុគ្រោះពន្ធផងដែរ។

លោកក៏បានជំរុញបន្ថែមឲ្យមាននូវការប្តេជ្ញាចិត្ត និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយ និងបញ្ហាប្រជាពលរដ្ឋមូលដ្ឋាន និងផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្រ្តីក្រោមឱវាទ ដើម្បីបង្កើនភាពស្និតស្នាល និងដកពិសោធន៍ ត្រូវស្វាស់ស្វែងរកដំណោះស្រាយរាល់បញ្ហារបស់ប្រជាកសិករ ដូចជា ប្រភេទពូជដំណាំ និងជីជាដើម ។

ជាមួយគ្នានេះដែរលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានលើកឡើងថា នាពេលកន្លងមកនេះ ខេត្តក្រចេះ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ឃើញថាមានការរីកចម្រើន គួរឱ្យគត់សម្គាល់ ដោយក្នុងនោះមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្ម រួមនិងមន្រ្តីក្រោមឱវាទប្រកបដោយជំនាញ បានពង្រឹងសមត្ថភាពរបស់ខ្លួន និងបានផ្ដល់នូវបទពិសោធន៍ល្អៗ ដល់ប្រជាកសិករនៅតាមមូលដ្ឋាន ទូទាំងខេត្ត ព្រមទាំងបានធ្វើការបណ្ដុះបណ្ដាល និងធ្វើបទបង្ហាញទៅលើបច្ចេកទេសនៃការធ្វើកសិកម្ម។ ជាពិសេសក៏មានការចូលរួមចំណែក ពីគ្រប់មន្ទីអង្គភាពពាក់ព័ន្ធផងដែរ ទើបធ្វើឱ្យសេដ្ឋកិច្ចមុខរបរប្រជាកសិករ និងប្រជាពលរដ្ឋមានការរីកចម្រើន និងធូធារមួយកម្រិត។

ដោយឡែកការងារគ្រប់គ្រង នៅក្នុងអង្គភាព លោករដ្ឋមន្ត្រី បានណែនាំឱ្យលោកប្រធានមន្ទីរកសិកម្ម ដែលទើបតែចូលកាន់មុខតំណែងនេះ ធ្វើកិច្ចការសហការគ្នា សាមគ្គីគ្នា ឱ្យបានល្អប្រសើរ និងត្រូវចេះមើលទៅលើ ឥរិយាបថការងាររបស់មន្ត្រីរបស់ខ្លួន ម្យ៉ាងទៀតបើសិនជាមន្ត្រីរបស់ខ្លួន គាត់ធ្វើកិច្ចការបានល្អ ប្រធានមន្ទីរ ត្រូវជួយជ្រោមជ្រែងគាត់ បណ្ដុះបណ្ដាលគាត់ លើកទឹកចិត្តគាត់ ជំរុញគាត់ឱ្យក្លាយទៅ ជាអ្នកដឹកនាំបន្តវេននោះ ទើបជាការប្រសើរ៕