(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដកប្រធាន និងអនុប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដនៅខេត្តខេត្តស្ទឹងត្រែង បន្ទាប់ពីរកឃើញភាពអសកម្មភាពមួយចំនួន។

សេចក្ដីប្រកាសកែសម្រួលផ្លូវការ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ​បានបញ្ជាក់ថា លោក ឌី ចាន់ណារិត ត្រូវបានតែងតាំងជាប្រធានស្ថានីយជញ្ជីងអចល័តរាជានុកូល-ខេត្តស្ទឹងត្រែង ខណៈលោក សែស ស៊ីថា តែងតាំងជាអនុប្រធាន។

ដោយឡែកលោក រស់ សាខាន់ អតីតប្រធាន ដែលត្រូវបានដកចេញពីតួនាទីនោះ មិនទាន់ត្រូវបានប្រគល់តួនាទីអ្វីថ្មីនៅឡើយនោះទេ។ នេះបើតាមការបញ្ជាក់លោក ប៉ាល់ ចន្ទតារា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រៅពីការដកប្រធាន និងអនុប្រធានស្ថានីយជញ្ជីងនៅខេត្តស្ទឹងត្រែងហើយនោះ លោក ស៊ុន ចាន់ថុល ក៏បានសម្រេចផ្លាស់ប្តូរសមាសភាពមន្ត្រីនៅស្ថានីយជញ្ជីងអចល័ត ត្រពាំងថ្លុង-ខេត្តកំពង់ស្ពឺ និងនៅស្ថានីយជញ្ជីងអចល័តកូនដំរី-ខេត្តបន្ទាយមានជ័យផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២៨ ខែមករាម្សិលមិញនេះ បានថ្លែងថា រឿងជញ្ចីងថ្លឹងរថយន្តនេះ សុទ្ធតែជារៀងដែលត្រូវឈឺក្បាល ហើយធ្វើឲ្យមុខមាត់ប្រទេសជាតិ រាជរដ្ឋាភិបាលក៏មិនល្អដែរ ដោយសារតែកន្លែងជញ្ជីងនេះ ចេះតែមានបញ្ហាមិនចេះឈប់។ លោករដ្ឋមន្ត្រីបន្តថា ការដកតំណែង​នេះ គឺជាដំណាក់កាលទី១ ហើយនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ចាប់ពីពេលនេះក្រសួងនឹងចាត់វិធានការក្តៅ​មិនទុកឲ្យខូចមុខមាត់ប្រទេស​ជាតិ និងរដ្ឋាភិបាលបន្តទៀតនោះទេ ព្រោះច្រើនដងពេកហើយ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីទទួលបានការកោតសរសើរក្នុងការធ្វើកំណែទម្រង់ក្នុងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានអះអាងថា កាលពីមុនមន្ត្រីស្ថានីយជញ្ជីងថ្លឹងនេះ ធ្លាប់បានដូរ ​១៥ស្ថានីយម្តងមកហើយ ហើយលោកសង្ឃឺមថា ការដាក់អ្នកថ្មីមកនឹងល្អជាងអ្នកចាស់​។

ខាងក្រោមនេះជាសេចក្តីប្រកាសស្តីពីការផ្លាស់ប្តូរមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តទាំង៣ខេត្ត៖