(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានរៀបចំពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៨ និងទិសដៅអនុវត្ត ឆ្នាំ២០១៩ ក្រោមអធិបតីភាព​​ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង​ បានថ្លែងថា ក្រោមការដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា, សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ គ្រប់លំដាប់ថ្នាក់​សកម្មប្រកាន់ខ្ជាប់ខ្ជួន នៅតួនាទីយ៉ាងសំខាន់របស់ខ្លួន ក្នុងការចូលរួមចំណែករក្សាសុខសន្តិភាព ស្ថិរភាព ពង្រឹងនិតិរដ្ឋ។

នាយឧត្តមសេនីយ៍ ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិត្តខំប្រឹងប្រែង ដោយអស់កម្លាំងកាយចិត្តរបស់​ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី​ទាំងអស់ ដែលសម្រេចបានលទ្ធផលជោគជ័យ ពីការប្រកួកកីឡាថ្នាក់ជាតិ-អន្តរជាតិ នាំមកនៅស្នាដៃ និងកិត្តិយសដ៏ធំធេង ជូនក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ជាពិសេសទៀតនោះ ជូនរាជរដ្ឋាភិបាលជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានណែនាំ និងផ្ដាំផ្ញើដល់គ្រប់ស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវបន្តខិតខំយកចិត្តទុក្ខដាក់ អនុវត្ត​ឲ្យបានល្អតាមខ្លឹមសារ នៃផែនការកំណែ​ទម្រង់របស់កងយោធពលខេមរភូមិន្ទ ដែលក្រសួងការពារជាតិ កំណត់ឲ្យនោះជាអាទិ៍ វិស័យអប់រំកាយ និងកីឡា ត្រូវខិតខំបំផុស បណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានកាយសម្បទាមាំមួន មានសមត្ថភាពគ្រប់គ្រាន់ មានសម្ភារហ្វឹកហ្វឺនគ្រប់គ្រាន់ ពិសេសលើការងារ ដឹកនាំគ្រប់គ្រង ដើម្បីបង្កើននៅកម្រិតបច្ចកទេស​ឲ្យបានខ្ពស់រក្សាបាននូវថាមពល និងភាពអំណត់បានល្អ ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០១៩ កីឡាជាតិឆ្នាំ២០២០ និងកីឡាស៊ីហ្គេម ឆ្នាំបន្តបន្ទាប់ និងឆ្នាំ២០២៣ ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ៕