(ភ្នំពេញ)៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មធនាគារចល័តនាំមុខគេ នៅប្រទេសកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន៣៥,០០០ដុល្លារអាមេរិក ដល់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធអប់រំការបណ្តុះបណ្តាល និងការថែទាំសុខភាព របស់កម្មកររោងចក្រកាត់ដេរនៅកម្ពុជា។

កាលពីឆ្នាំ ២០១៨ ធនាគារឯកទេស វីង និង GMAC បានរួមសហការ និងប្តេជ្ញាចិត្តរួមគ្នា ផ្តួចផ្តើមសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ក្នុងការបង្កើតមូលនិធិ ដែលផ្ដល់អត្ថប្រយោជន៍ ដល់កម្មកររោងចក្រកាត់ដេររបស់ GMAC។ ជាពិសេសជាងនេះទៅទៀត មូលនិធិនេះ ត្រូវបានបម្រុងទុក សម្រាប់ការទិញសៀវភៅ, ការសាងសង់បណ្ណាល័យ និងគាំទ្រដល់វគ្គបណ្តុះបណ្តាលផ្សេងៗទៀត។

ធនាគារឯកទេស វីង និងសមាគម រោងចក្រកាត់ដេរនៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍ដែលពួកគេបានផ្ដល់សេវាជូន និងយល់ច្បាស់អំពីការនាំមកនូវផលប្រយោជន៍ ចំពោះសហគមន៍ តាមរយៈការពាំនាំធនធានរបស់ពួកគេ សម្រាប់មូលហេតុសក្ដិសម មានដូចជាការអប់រំ និងការថែទាំសុខភាព។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មធនាគារឯកទេសវីង បានថ្លែងថា វីង មានក្តីរំភើបខ្លាំងណាស់ ដែលបានធ្វើការជាមួយ GMAC ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលធ្វើការដើម្បីប្រជាជនកម្ពុជា ក្នុងការរួមចំណែកក្នុងសង្គម សម្រាប់ផលប្រយោជន៍របស់សមាជិក GMAC ទាំងអស់ ហើយសំខាន់បំផុតនោះ គឺកម្មកររោងចក្ររាប់ពាន់នាក់។

លោក រ៉ាចាន់ បានបន្តថា «យើងសង្ឃឹមថា ការរួមវិភាគទាននេះ នឹងជួយកែលម្អនិងធ្វើឲ្យប្រសើរឡើង ចំពោះឧស្សាហកម្មកាត់ដេរកម្ពុជា ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគបន្ថែមទៀត មកក្នុងប្រទេស ហើយជាលទ្ធផល ផ្តល់ការងារថ្មីៗបន្ថែមទៀត ដល់ប្រជាពលរដ្ឋកម្ពុជា»។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា មូលនិធិដែលបានចូលរួមនេះ នឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពបំផុត ដោយវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ វាយនភ័ណ្ឌ (CGTI) ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន ដើម្បីគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។

លោកឧកញ៉ា បានបន្តថា «CGTI មានបេសកកម្ម ដើម្បីអភិវឌ្ឍសិស្សម្នាក់ៗ អំពីអាកប្បកិរិយា ជំនាញ និងចំណេះដឹងសម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ និងសំលៀកបំពាក់នៅកម្ពុជា។ ជាមួយគ្នានេះ យើងសូមថ្លែង អំណរគុណដល់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតជាថ្មីម្តងទៀត ដែលបានដើរតួនាទីជាទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនតាមរយៈការផ្តល់វិភាគទាន យ៉ាងសប្បុរសដល់វិទ្យាស្ថាន បណ្តុះបណ្តាលរបស់យើង»។

បន្ថែមពីលើការបរិច្ចាគប្រាក់ឧបត្ថម្ភ របស់ធនាគារឯកទេស វីង នៅថ្ងៃនេះ ក៏មានពិធីចុះហត្ថលេខា ក្នុងការពង្រីកនូវភាពជាដៃគូយូរអង្វែងរវាង វីង និង GMAC រហូតដល់ឆ្នាំ ២០១៩ ដែលភាពជាដៃគូនេះ បានចាប់ផ្តើមឡើង តាំងពីឆ្នាំ ២០១៦ ក្នុងផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុក្នុងតម្លៃសមរម្យ សម្រាប់កម្មកររោងចក្រ GMAC ជាពិសេសសេវាបើកប្រាក់បៀវត្ស តាមរយៈគណនីវីង របស់ពួកគេ។ ការបរិច្ចាគប្រាក់៣៥,០០០ដុល្លារអាមេរិក រួមជាមួយសកម្មភាព ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ផ្សេងទៀត គឺជាការឆ្លុះបញ្ចាំងពីតម្លៃ និងការប្តេជ្ញាចិត្តរបស់ វីង ដើម្បីបម្រើសហគមន៍របស់ខ្លួន៕