(ក្រចេះ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើការណែនាំដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ ត្រូវចេះផ្សារភ្ជាប់ រវាងវិស័យឯកជន ដែលជាអ្នកគ្រប់គ្រងទីផ្សារ ជាមួយកសិករដែលជាអ្នកផលិត ដើម្បីជ្រើសរើសប្រភេទដំណាំ ដែលមានតម្រូវការ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ដោយមានការចូលរួមពី សំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម សរុបប្រមាណ៣០០នាក់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ។

លោករដ្ឋមន្ដ្រី បានណែនាំ និងផ្តាំផ្ញើ ដល់លោកប្រធានមន្ទីរកសិកម្មទាំងអស់ ត្រូវចេះផ្សារភ្ជាប់រវាងវិស័យឯកជន ដែលជាអ្នកគ្រប់គ្រងទីផ្សារ ជាមួយកសិករដែលជាអ្នកផលិត ដើម្បីជ្រើសរើសប្រភេទ ដំណាំដែលមានតម្រូវ ការ ដើម្បីធ្វើផែនការដាំដុះច្បាស់លាស់ និងជៀសវាងបាននូវការឡើងចុះនៃតម្លៃ ម្យ៉ាងទៀត ត្រូវគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ក្នុងការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធ ដល់ខ្សែច្រវ៉ាក់នៃការផលិត និងវេចខ្ចប់ក្រោយប្រមូលផល។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ ខិតខំពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងលើកទឹកចិត្ត ដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសការផ្តល់នូវគ្រឿងឥស្សរយស និងកាំប្រាក់បៀរវត្សន៍ ជាដើម។

ក្នុងពិធីនេះ លោកអភិបាលខេត្តក្រចេះ បានលើកឡើងនូវស្ថានភាពទូទៅក្នុងមូលដ្ឋានខេត្ត និងដំណើរការនៃការអភិវឌ្ឍន៍វិស័យសំខាន់ៗ ជាអាទិភាពរួមមាន៖ វិស័យអប់រំ កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អគ្គិសនី និងទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី ត្រូវពង្រឹងការអនុវត្តច្បាប់ មានទំនាក់ទំនងនិងសហការឲ្យបានល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ល្អ ធ្វើការឲ្យបានជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋ ពង្រឹងសាមគ្គីភាពក្នុងមន្ទីរ និងធ្វើជាគំរូល្អដល់មន្រ្តីក្រោមឱវាទ។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានមានមតិសំណេះសំណាលទៅកាន់អង្គពិធី និងបានផ្តាំផ្ញើនូវបណ្តាំសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដល់មន្រ្តីរាជការ គ្រប់លំដាប់ ថ្នាក់ក្នុងខេត្តក្រចេះ។ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរចំពោះ លោកប្រធានមន្ទីរ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងសម្រេចបាននូវលទ្ធផលល្អ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងបន្ថែមថា ស្ថិតក្នុងតំណាក់កាល នៃការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ វិស័យកសិកម្មកំពុងស្ថិតក្នុងតំណាក់ប្រឈម ដែលទាមទារឲ្យមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើន ដើម្បីជំរុញការ នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ដែលមានឧត្តមភាពប្រកួតប្រជែង គុណភាពខ្ពស់ និងទាន់ពេលវេលា ដូច្នេះមន្រ្តីរាជការទាំងថ្នាក់កណ្តាល និងទាំងថ្នាក់ខេត្ត ត្រូវរួមគ្នាគិតក្នុងការគៀងគរធនធាន ដើម្បីជំរុញ ការអភិវឌ្ឍឲ្យស្របទៅការវិវឌ្ឍនៃសេដ្ឋកិច្ច។

ទន្ទឹងនឹងនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញ និងផ្សព្វផ្សាយដល់ប្រជាកសិករ ក្នុងការដាំដុះដំណាំដែលឆ្លើយតបទៅនឹងទីផ្សារ និងមានតម្លៃខ្ពស់សមស្រប ទៅនឹងការកើនឡើងនៃសេដ្ឋកិច្ច ដូច្នេះលោកប្រធានមន្ទីរទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ពីកិច្ចការនេះ៕