(ស្ទឹងត្រែង​)៖ ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៩​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដឹកនាំអង្គសិក្ខាសាលាស្តីពី ការត្រួតពិនិត្យគ្រឿងញៀនទិសឥសាន្ត​ និងការអនុវត្តផែនការភូមិ ឃុំ សង្កាត់​ «ស​» គ្មាន​គ្រឿងញៀន​។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង​ ស្ថាប័ន​ ជាអនុប្រធាន​ សមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ជាប់ព្រំដែន​ស្រុក​ ឃុំ​ សង្កាត់​ ភូមិអនុវត្តផែនការភូមិ-ឃុំ/សង្កាត់​ «ស​» គ្មា​នគ្រឿងញៀន​ និងតំណាងភាគីមិត្ត​ ថៃ​ វៀតណាម​ ឡាវ​ ចូលរួម​ សរុបចំនួន២៥០នាក់​។

លោក ម៉ុម​ សារឿន​ អភិបាល​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ស្ទឹងត្រែង​ បានថ្លែងថា​ សិក្ខាសាលានេះពិតជាផ្តល់នូវសារសំខាន់ ដោយបានបង្ហាញនូវលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន​ ជាពិសេស គឺការអនុវត្តផែនការភូមិ-ឃុំ​/សង្កាត់​ «ស» គ្មានគ្រឿងញៀន ដើម្បីបន្តពង្រឹងឲ្យកាន់តែរឹងមាំ និងសកម្មបន្ថែមទៀត ក្នុងការអនុវត្តវិធានការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន សម្រាប់ខេត្តនៅទិសឦសាន នៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការរងនគរបាលជាតិ​ បានលើកឡើង​ថា​ ខេត្តស្ទឹងត្រែង​ និងខេត្តព្រះវិហារ ​ដែលពួកឧក្រិដ្ឋជនគ្រឿងញៀន នាំឆ្លងកាត់ញឹកញ៉ាប់ចូលមកកម្ពុជា​ នូវប្រភេទគ្រឿងញៀនមេតំហ្វេតាមីន (Ice-Wy) កេតាមីន​ ហេរ៉ូអ៊ីន​ និងកញ្ឆាក្រៀម​ ដែលកម្ពុជាបានបើកកិច្ចប្រតិបត្តិបង្រ្កាបបានជាច្រើនករណី។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរអរគុណចំពោះ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំង​អស់ នៃបណ្តាខេត្តភាគឦសាន ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការ ទប់ស្កាត់លំហូរចូលគ្រឿងញៀនខុសច្បាប់ ពីតំបន់ព្រំដែនចូល​ក្នុងប្រទេស ដែលសកម្មភាពទាំងនេះ បានជួយដោះស្រាយបញ្ហាជាច្រើន គួរឱ្យកត់សំគាល់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តថា​ «ប្រទេសកម្ពុជាយើងមិនមែនជា​ប្រទេសផលិតគ្រឿងញៀនទេ តែជាប្រទេស​មានការចរាចរគ្រឿងញៀនឆ្លងកាត់ពីប្រទេសនានាក្នុង​តំបន់ ចូលមកក្នុង​ប្រទេស​កម្ពុជា និងបន្តនាំចេញទៅប្រទេសទី៣»។

តាមរបាយការណ៍​របស់​​​អាជ្ញាធរមានសមត្ថកិច្ច យើងពិនិត្យឃើញថា ខេត្តភាគឦសាន ជាពិសេស​ គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ជាខេត្តដែលមានការ​ចរាចរឆ្លងកាត ​គ្រឿងញៀន ពីតំបន់ព្រំដែនកម្ពុជា-ឡាវ ចូលក្នុងប្រទេស និងមួយចំនួន​ បន្ត​នាំទៅដល់ប្រទេសថៃ និងប្រទេសវៀតណាមនៅសល់មួយចំនួន​ប្រើប្រាស់​ក្នុងប្រទេស តាមគោលដៅដែល​ប្រឈមមួយចំនួន ដូចជា តំបន់ទេស​ចរ​ណ៍ ក្នុងក្លឹបកំសាន្តនានា ផ្ទះសំណាក់ និងសំណង់មិនរៀបរយ ។ល។ ដែលធ្វើ​ឱ្យ​​​​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរដល់យុវជនយើង និងខាតបង់នូវធនធាន​មនុស្ស​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕