(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានក្រើនរំលឹកដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ អនុវត្តសកម្មភាពរបស់ខ្លួនឲ្យស្របតាមក្របខ័ណ្ឌ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជាដែលមានជាធរមាន។

ការក្រើនរំលឹករបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាលើកដំបូងជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស និងក្នុងគោលដៅឲ្យអង្គការទាំងអស់នោះបំពេញកាតព្វកិច្ចរបស់ពួកគេឲ្យបានត្រឹមត្រូវទៅតាមច្បាប់របស់កម្ពុជា។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំពិគ្រោះយោបល់នេះលោករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបរាប់បង្ហាញពីវត្ថុបំណងដែលនាំឲ្យរាជរដ្ឋាភិបាលកម្ពុជារៀបចំឡើងនូវច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលកាលពីឆ្នាំ២០១៥។

លោករដ្ឋមន្ត្រី បានពន្យល់ថា ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរៀបចំឡើងក្នុងគោលបំណងការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គមកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចមានចែង ក្នុងមាត្រា ១ និង មាត្រា ២ នៃច្បាប់នេះ។

លោក ប្រាក់ សុខុន បន្តថា ច្បាប់នេះជាការបើកទំព័រសករាជថ្មី នៃភាពជាដៃគូដែលឈរលើមូលដ្ឋាននិងគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក, ការគោរពនូវភាពជាម្ចាស់នៃជោគវាសនា ប្រទេសខ្លួន និងអធិបតេយ្យភាពជាតិ នៅក្នុងបរិការណ៍នៃប្រទេសជាតិមួយដែលបាននិងកំពុងខិតខំ កសាងនិងពង្រឹងនីតិរដ្ឋ ឧត្តមភាពជាតិ និងវិបុលភាពរបស់ប្រជាជនខ្លួន។ ម្យ៉ាងវិញទៀត ច្បាប់នេះក៏បានបង្កើតនូវក្របខ័ណ្ឌ និងមូលដ្ឋានគ្រឹះគតិយុត្តិមួយជាក់លាក់ ច្បាស់លាស់សម្រាប់តួអង្គពាក់ព័ន្ធ ងាយស្រួលក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន និងធានាអនុលោមភាព។ ការគោរពបានទាំងស្រុងនូវច្បាប់នេះ នឹងធានាបាននូវប្រសិទ្ធិភាព ស័ក្តិភាព ភាពជឿជាក់ និងនិរន្តរភាពយូរអង្វែងនៃភាពជាដៃគូក្នុង ការរួមចំណែកកសាងនិងអភិវឌ្ឍន៍កម្ពុជា ឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួនជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ ២០៥០។

ប្រមុខការទូតកម្ពុជាលើកឡើងថា ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួនអាចនឹងមានក្តីកង្វល់ពាក់ព័ន្ធសិទ្ធិសេរីភាពក្នុងការបំពេញការងាររបស់ខ្លួននៅមូលដ្ឋានក្រោយច្បាប់ស្តីពីអង្គការសង្គមស៊ីវិលថ្មីត្រូវបានដាក់ឲ្យអនុវត្តន៍កាលពីឆ្នាំ២០១៥កន្លងទៅ។

ឆ្លើយតបក្តីបារម្ភរបស់អង្គការសង្គមស៊ីវិលទៅលើច្បាប់ថ្មីនេះ លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំយល់ថា មានតែមូលដ្ឋានច្បាប់និងគតិយុត្តិច្បាស់លាស់ប៉ុណ្ណោះ ដែលជាសរសរស្តម្ភ រឹងមាំទ្រទ្រង់ឲ្យកិច្ចសហប្រតិបត្តិការរបស់យើង អាចមានអាយុកាលយូរអង្វែង ប្រកបដោយភាពសុខដុម និងជោគជ័យ។ ច្បាប់នេះ មិនត្រូវបានធ្វើឡើងដើម្បីរឹតត្បិតអង្គការណាមួយទេ ប៉ុន្តែច្បាប់នេះនឹងតម្រូវឲ្យអង្គការទាំងអស់ប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព សុចរិតភាព និងការទទួលខុសត្រូវចំពោះមុខច្បាប់»

ទន្ទឹមនឹងការលើកបង្ហាញពីហេតុផល និងវត្ថុបំណងនៃការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះហើយ លោក ប្រាក់ សុខុន បានក្រើនរំលឹកដល់អង្គការមិនមែនរដ្ឋាភិបាលកំពុងបំពេញបេសកកម្មនៅកម្ពុជាទាំងអស់ត្រូវតែអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅច្បាប់របស់កម្ពុជា ព្រមទាំងចៀសវាងការប្រព្រឹត្តទង្វើខុសច្បាប់មួយចំនួនផងដែរ។

«សូមអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ អនុវត្តសកម្មភាពរបស់ខ្លួនឲ្យស្របតាមក្របខ័ណ្ឌ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លើសពីនេះទៀត សូមជៀសវាងជាដាច់ខាតនូវ សកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដែលបានកំណត់ឡើងដោយក្រុមប្រទេសអាស៊ី ប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ ដើម្បីជៀសផុតពីការធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះរបស់ស្ថាប័ននេះ និងកុំឲ្យមានជាបច្ច័យអវិជ្ជមានដល់កម្ពុជាយើងលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយ ជាដើម។ ទន្ទឹមនឹងនេះ សូមអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនតាមប្រព័ន្ធធនាគារដែលស្របច្បាប់ និងមានអាជ្ញាប័ណ្ណផ្លូវការចេញដោយធនាគារជាតិ នៃកម្ពុជា»។ នេះជាការក្រៀនរំលឹកបន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

បើទោះបីជាយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសត្រូវបន្តសហការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការដែលនៅមានសុពលភាព MoU ជាមួយក្រសួងការបរទេសក្នុងកិច្ចប្រតិបត្តិការសកម្មភាពរបស់ពួកគាត់។

បើតាមលោក ប្រាក់ សុខុន គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៨៦ នៅមានសុពលភាព ហើយអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងនោះមកពីប្រទេសផ្សេងៗនៃទ្វីបអាស៊ី អាមេរិក អឺរ៉ុប និងអូស្រ្តាលី ដែលមាន គម្រោងសំខាន់ៗផ្តោតលើវិស័យៈ អប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍សហគមន៍ បរិស្ថាន និងបោសសម្អាតមីន៕