(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata បានរៀបចំការប្រកួតបាល់ទាត់ និងកម្មវិធីហ្វឹកហាត់បាល់ទាត់ ដែលផ្ដោតលើការអភិវឌ្ឍយុវជន សមភាពយេនឌ័រ ការពង្រឹងអំណាចស្រ្តី និងសុខុមាលភាពនៃការរស់នៅ។ កម្មវិធី Smart Community Cup ត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តការជាមួយមូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី(ASA) សមាគមន៍កាយរឹទ្ធិបាល់ទាត់អាជីព(PFSA) និងអង្គការក្រៅរាជរដ្ឋាភិបាលចំនួន៥ផ្សេងទៀតកាលពីពេលថ្មីៗនេះ។

ក្រុមដែលបានចូលរួមក្នុងការប្រកួតរយៈពេលពីរថ្ងៃនេះ មានចំនួន១៦ក្រុម ដែលមានកីឡាករប្រុស-ស្រីអាយុក្រោម១៤ឆ្នាំ និងក្រោម ១៨ឆ្នាំ ដែលធ្វើឡើងក្នុងពហុកីឡាដ្ឋានRSN ហើយកីឡាករទាំងអស់ត្រូវបានជ្រើសរើសពីអង្គការដៃគូររបស់ក្រុមហ៊ុន Smart រួមមាន អង្គការ World Vision Cambodia អង្គការស្នាមញញឹមនៃកុមារ (PSE) អង្គការមូលនិធិកុមារកម្ពុជា មូលនិធិ Indochina Starfish Foundation និង អង្គការ Happy Football Cambodia Australia។

នាយកប្រតិបត្តក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) មានប្រសាសន៍ថា «កម្មវិធី Smart Community Cup
គឺជាកម្មវិធីដែលរៀបចំឡើង ដើម្បីអបអរដល់រាល់ការងារទាំងអស់ ដែលយើងបានធ្វើជាមួយអង្គការដៃគូរបស់យើង នៅក្នុងវិស័យអប់រំកីឡាសហគមន៍។ យើងមានបំណងជំរុញយុវជន ឲ្យចូលរួមក្នុងសកម្មភាពវិជ្ជមានជាច្រើន និងផ្តល់ភាពសប្បាយរីករាយឱ្យពួកគេ មិនត្រឹមតែជួយដល់សុខភាពរាងកាយមាំមួនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនក្ដីស្រមៃរបស់ពួកគេ ជុំវិញកីឡាបាល់ទាត់ ក៏ដូចជាបំប៉នជំនាញលេងបាល់ទាត់របស់ពួកគេផងដែរ»។

លោក ថូម៉ាស បានបន្ថែមទៀតថា «ក្រុមហ៊ុន Smart មានសេចក្តីសោមនស្សរីករាយ ដែលកម្មវិធីនេះ បានផ្តល់ឱកាសដល់កុមារ ដែលមានជីវភាពលំបាក មកពីអង្គការដៃគូ ឲ្យបានចូលរួមក្នុងកម្មវិធីហ្វឹកហាត់ និងសិក្ខាសាលាស្ដីពីកីឡាបាល់ទាត់ ដែលរៀបចំដោយសមាគមន៍កាយរឹទ្ធិបាល់ទាត់អាជីព ដែលរួមមានគ្រូបង្វឹក មកពីសាលាបណ្ដុះបណ្ដាលកីឡាបាល់ទាត់ របស់ក្លឹប Manchester United។ យើងសង្ឃឹមថា កម្មវិធីអប់រំកីឡាសហគមន៍នេះ នឹងមានឥទ្ធិពល ក្នុងការផ្ដល់នូវការលូតលាស់រីកចម្រើនរយៈពេលវែង សម្រាប់សហគមន៍ ដែលយើងកំពុងធ្វើប្រតិបត្តិការ»។

គម្រោងនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Smart ក្នុងភាពជាដៃគូជាមួយមូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី(ASA) ។មូលនិធិនេះ បានផ្តល់កម្មវិធីអប់រំវិស័យកីឡា ដល់ប្រជាពលរដ្ឋជាង២លាននាក់ នៅទូទាំងពិភពលោក ដែលមានគោលបំណងពង្រីកប្រជាប្រិយភាពនៃកីឡាបាល់ទាត់ក្នុងចំណោមកុមារី និងកុមារា នៅកម្ពុជា តាមរយៈកម្មវិធីបណ្ដុះបណ្ដាលកីឡាថ្នាក់មូលដ្ឋាន។

លោក Lee Hawkins ស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេស របស់មូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី(ASA) បានថ្លែងថា «មូលនិធិ ASA បានរៀបចំកម្មវិធីកីឡា សម្រាប់ការអភិវឌ្ឍន៍ នៅក្នុងប្រទេសជាច្រើនចាប់តាំងពីឆ្នាំ ២០០១។ កម្មវិធី Smart Community Cup ពិតជាបានផ្តល់នូវបទពិសោធសិក្សាល្អៗ ដល់យុវជនកម្ពុជា។ យើងសង្ឃឹមថាកម្មវិធីនេះ នឹងបន្តកសាងភាពជោគជ័យរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍបំនិនជីវិត ក៏ដូចជាសមភាពយេនឌ័រ ឱ្យកាន់តែទូលំទូលាយថែមទៀត នៅពេលអនាគត»។

ក្រៅពីការប្រកួតបាល់ទាត់ រវាងក្រុមមកពីអង្គការក្រៅរដ្ឋាភិបាល ក៏មានសិស្សវិទ្យាល័យប្រហែលជាង២០០នាក់ និងកីឡាករបាល់ទាត់ជាង ២០០ នាក់ក៏បានចូលរួម ក្នុងកម្មវិធីកាយរិទ្ធិ និងការហ្វឹកហាត់បាល់ទាត់ នៅរសៀលថ្ងៃដដែលនោះផងដែរ។

លោក Dean Whitehouse គ្រូបង្វឹករបស់ PFSA និងជាគ្រូបង្វឹកក្នុងសាលាបណ្ដុះបណ្ដាលកីឡាបាល់ទាត់ក្លឹប Manchester United បានឲ្យដឹងថា «ការលេងបាល់ទាត់ គឺជាឧបករណ៍គរុកោសល្យដ៏មានឥទ្ធិពល ក្នុងការបង្កើតការយល់ដឹង ខណៈដែលផ្តល់នូវអត្ថប្រយោជន៍យូរអង្វែង នៅក្នុងវិស័យជាច្រើន ដូចជា ការអប់រំ សុខភាព និងការអភិវឌ្ឍន៍ខ្លួន។ ខ្ញុំពិតជារីករាយជាមួយនឹងពេលវេលា ដែលបានចំណាយនៅកម្ពុជា ដោយធ្វើការជាមួយយុវជន ដែលមានការចាប់អារម្មណ៍ខ្ពស់ និងគ្រូបង្វឹក ដែលមានសក្ដានុពលជាច្រើននាចុងសប្តាហ៍នេះ»

កីឡាសហគមន៍ ជាផ្នែកមួយនៃសសរស្តម្ភ ក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart ដែលផ្តោតលើកម្មវិធីកីឡាសម្រាប់ការអភិវឌ្ឍន៍ ការបណ្ដុះអ្នកមានទេពកោសល្យ ផ្នែកកីឡាករសម្រាប់អនាគត និងការលើកកម្ពស់របៀបរស់នៅ ប្រកបដោយសុខភាពល្អ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវ របស់ក្រុមហ៊ុន និងស្ថិរភាពរបស់ក្រុមហ៊ុន Smart សូមតាមដាន នៅលើទំព័រហ្វេសប៊ុក «Smart for Cambodia» តាមគេហទំព័រនេះ៖ www.facebook.com/SmartAxiata  ឬក៏ចូលមកកាន់គេហទំព័រ www.smart.com.kh.៕