(សៀមរាប)៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន លោក ឡ ស៊ូ កាង បានមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៩។

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលអមដំណើរដោយលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតនោះ លោករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចទៅកាន់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសទៅកាន់ប្រាសាទ ដែលស្ថិតក្នុងគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន ហៅកាត់ថា CSA។

គណៈប្រតិភូដែលដឹកនាំដោយលោក ឡ ស៊ូកាង បានអញ្ជើញទៅទស្សនកិច្ចនៅប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ដែលប្រាសាទទាំងពីរនេះ ត្រូវបានជួសជុលក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន។

ក្រៅពីទស្សនកិច្ចស្វែងយល់ពីការជួសជុលនៅប្រាសាទទាំងពីរខាងលើ លោក ឡ ស៊ូកាង និងគណៈប្រតិភូក៏បានទៅទស្សនាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និងប្រាសាទភ្នំបាខែង ដែលជាគោលដៅបញ្ចប់ដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ចខាងលើនេះ លោក ឡ ស៊ូកាង បានចាប់អារម្មណ៍ខ្លាំងទៅនឹងសំណង់ប្រាសាទបុរាណខ្មែរ ដែលមានក្បូរក្បាច់ចម្លាក់រចនាល្អឥតខ្ចោះ ស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោក។

ទាក់ទងនឹងការងារអភិរក្ស និងជួសជុលប្រាសាទវិញ លោកបានសម្តែងការវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ និងបញ្ជាក់ថាប្រទេសចិនមានកិត្តិយសធំធេងណាស់ ដែលបានចូលរួមចំណែកលើការងារជួសជុល និងអភិរក្សប្រាសាទនៅរមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នឹងបន្តដំណើរទស្សនកិច្ចទៅកាន់រាជធានីភ្នំពេញ នាថ្ងៃទី២៩ ដើម្បីជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះដែរ លោកគ្រោងនឹងចូលរួមជាអធិបតីភាពក្នុងទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជាដំបូង ដែលធ្វើឡើងនៅសាលចតុមុខ មុននឹងធ្វើដំណើរត្រឡប់ទៅប្រទេសមាតុភូមិវិញ៕