(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ធ្វើការលើកទឹកចិត្ត ដោយសន្យាផ្តល់កុំព្យូទ័រយួរដៃ (computer latop) ម្នាក់មួយគ្រឿង ចំពោះសិស្សពូកែដែលប្រឡងជាប់បាននិន្ទេស A ខណៈកន្លងមកថ្នាក់ដឹកនាំ បានប្រគល់ម៉ូតូមួយគ្រឿងជូនផងដែរ។

ជាមួយនឹងការជួបសំណេះសំណាល និងសន្យាផ្តល់រង្វាន់លើកទឹកចិត្ត ដើម្បីជួយជំរុញឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសិស្សល្អ ជាទំពាំងមានគុណភាព និងរឹងមាំសម្រាប់សង្គមជាតិ នាពេលអនាគតបែបនេះ ធ្វើឡើងនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយ សិស្សានុសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា យុវជនសម័យតេជោ ពិតជាមានសំណាង ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

លោកបន្តថា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានធ្វើឲ្យកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ទើបប្រជាពលរដ្ឋមានឱកាសគ្រប់បែបយ៉ាង ក្នុងការរស់នៅប្រកបរបររកស៊ីចិញ្ចឹមជីវិត ពិសេសគឺមានឱកាសឲ្យកូនៗ ដែលជាទំពាំងស្នងឫស្សីបានរៀនសូត្រ និងឱកាសការងារយ៉ាងច្រើនរង់ចាំពួកគាត់ ទៅបំពេញ។

លោក ជាម ច័ន្ទសោភ័ណ បន្ថែមថា «ដូចនេះយើងត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពនេះឲ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ»

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវជៀសឆ្ងាយពីអំពើខុសច្បាប់ផ្សេងៗ ពិសេសគ្រឿងញៀន និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដោយត្រូវធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ រួមទាំងថ្នាក់ដឹកនាំក្នុងខេត្ត ក៏បានអញ្ជើញទៅគោរព និងអុជធូប ផ្នូរកុមារា ហ៊ុន កំសត់ ដែលត្រូវជាកូនច្បង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន
ក្នុងបរិវេណវិទ្យាល័យនេះផងដែរ៕