(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យអភិបាលស្រុកមេមត់ ត្រូវសហការជាមួយមន្ទីរជំនាញ ត្រូវក្តាប់ឱ្យបាននូវរាល់បញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួន មានដូចជា បញ្ហាទំនាស់ដីធ្លី បញ្ហាផ្លូវ បញ្ហាតម្លៃកសិផល បញ្ហាទំនិញចេញចូលទៅប្រទេសជិតខាង បញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន និងបញ្ហាអនាម័យបរិស្ថានជាដើម ដើម្បីត្រួតពិនិត្យ ពិភាក្សា និងជួយសម្រួលក្នុងការដោះស្រាយភ្លាមៗ ពិសេសបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។

ការក្រើនរំលឹកខាងលើនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅសាលាស្រុកមេមត់ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំមេភូមិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំណុះឱ្យរដ្ឋបាលស្រុកមេមត់ជាង៣០០នាក់ ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

ក្នុងឱកាសនោះ អាជ្ញាធរឃុំមួយចំនួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានលើកឡើងនូវបញ្ហាប្រឈម សំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្តពិនិត្យ លទ្ធភាពជួយ ពិសេសការជួសជុលផ្លូវ ក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលកំពុងរងការខូចខាតពិបាកធ្វើដំណើរ ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងពេលមានប្រជាពលរដ្ឋណា ម្នាក់ឈឺស្កាត់ត្រូវយកមកព្យាបាលនៅស្រុក ឬខេត្តម្តងៗ។ ចំពោះបញ្ហាផ្លូវនេះ ត្រូវបានមន្ទីរជំនាញឡើង ឆ្លើយតបវិញភ្លាមៗផងដែរ។

ជាការឆ្លើយតបលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គ្រប់មន្ទីរជំនាញត្រូវចុះសិក្សា ពិនិត្យរាល់បញ្ហានិងតម្រូវ ការរបស់ប្រជាពលរដ្ឋ ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរអប់រំយុវជន និងកីឡា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាដើម សហការជាមួយអាជ្ញាធរស្រុក ខណៈបញ្ហាណាដោះស្រាយបាន គឺត្រូវដោះស្រាយជូនភ្លាម ហើយបញ្ហាណា ដែលលើសសមត្ថកិច្ច ត្រូវធ្វើរបាយការណ៍មកខេត្ត ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជាបន្ត។

លោកបានគូសបញ្ជាក់ថា រាល់សំនូមពររបស់លោកមេឃុំទាំង​១៤ និងការលើកឡើងមេភូមិមួយចំនួន ក្នុងចំណោម​មេភូមិទាំង១៨០ ត្រូវបានដោះស្រាយតាមអទិភាព។

ជាមួយគ្នានោះ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋត្រូវ ផ្តល់ព័ត៌មានដល់អាជ្ញាធររាល់បញ្ហាទាំងអស់ ក្នុងនោះ ចំពោះការដាំដុះដំណាំកសិកម្ម ត្រូវរៀបចំចងក្រងជាសហគមន៍ ដើម្បីបង្កភាពងាយស្រួលទាំងការថែទាំ និងទីផ្សារសម្រាប់លក់កសិផល។

ដោយឡែក លោកមេភូមិមេឃុំ ត្រូវក្តាប់ឱ្យជាប់នូវរាល់បញ្ហា និងសំណូមពរ ជាពិសេសពលរដ្ឋណាដែលមានជីវភាពខ្វះខាត ទីទាល់ក្រពិតប្រាកដ ហើយរាយការណ៍មកថ្នាក់ស្រុក និងបន្តមកថ្នាក់ខេត្ត ដើម្បីដោះស្រាយជូនភ្លាមៗ។ ជាចុងក្រោយចំណុចដែលសំខាន់បំផុតនោះ គឺត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែមានភាពរីកចម្រើន លើគ្រប់វិស័យថែមទៀត។

បើតាមលោក ចេង ប៊ុនណារ៉ា អភិបាលស្រុកមេមត់ បានឱ្យដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាព របស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះបានកសាងហេដ្ឋារចនា សម្ព័ន្ធមានដូចជា ផ្លូវថ្នល់ តបណ្តាញអគ្គិសនី សាលារៀន មណ្ឌលសុខភាព ស្រះទឹក ប្រព័ន្ធប្រឡាយជាដើម តែយ៉ាងណានៅមិនទាន់បំពេញគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ បានមួយរយភាគរយនោះទេ ដោយយើងត្រូវបន្តធ្វើជាជំហានៗ៕