(ភ្នំពេញ)៖ ឪពុកម្ដាយ អាណាព្យាបាលរបស់កុមារ ដែលនាំកូនមកពិនិត្យព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង ពេលឃើញមានសប្បុរសជនជាច្រើន បន្ដបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកូនរបស់ខ្លួន និងកុមារកម្ពុជា ដោយឥតគិតថ្លៃ។

លោកស្រី រដ្ឋា ប្រជាពលរដ្ឋរស់នៅរាជធានី​ភ្នំពេញបានឲ្យដឹងថា «រាល់ពេលកូនរបស់ខ្ញុំឈឺ គឺខ្ញុំតែងតែយកកូនមកពិនិត្យព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយសារតែគ្រូពេទ្យនៅទីនេះ អាចព្យាបាលកូនរបស់ខ្ញុំជាពីជំងឺ ហើយមិនគិតកម្រៃទៀត ពួកខ្ញុំសប្បាយចិត្ដណាស់»

លោកស្រីបន្ដថា «នៅថ្ងៃនេះខ្ញុំបានឃើញអ្នកឧកញ៉ា ហុង ពីវ បាននាំយកនូវថវិកាជាច្រើន មកជូនមូលនិធិគន្ធបុប្ផា ខ្ញុំសប្បាយចិត្ដ ពេលឃើញអ្នកមានជួយដល់អ្នកក្រ គ្មានលទ្ធភាពយកកូន ទៅមើលនៅពេទ្យខាងក្រៅនោះ។ ខ្ញុំអរគុណអ្នកឧកញ៉ា ហុង ពីវ សូមលោកឧកញ៉ា មានសុខភាពល្អ ការងារជោគជ័យ និងមានអាយុវែង»

ក្នុងឱកាសនោះផងដែរ អាណាព្យាបាលរបស់កុមារជាច្រើននាក់ទៀត ក៏បានបង្ហាញនូវក្ដីរំភើបសប្បាយរីករាយ នៅពេលដែលមានសប្បុរជនជាតិ-អន្ដរជាតិ​ បន្ដបរិច្ចាគថវិកាមកដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

លោក ដេនីស ឡូរ៉ង់ នាយកប្រតិបត្តិប្រចាំការ នៃមូលនិធិគន្ធបុប្ផាវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ស្វីស ក៏បានលើកឡើងផងដែរថា «ខ្ញុំសប្បាយរីករាយចណាស់ ដោយថ្ងៃនេះ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បាននាំយកថវិកាសប្បុរស ជាលើកទី៤មកបរិច្ចាគ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលនេះជាការចូលរួមចំណែកដ៏ធំធេង ជួយសង្គ្រោះជីវិតកុមារកម្ពុជា»

លោកបន្ដថា រហូតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផា ទំាង៥ទីតាំងក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប ដោយក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ ។

លោកបានថ្លែងទៀតថា បើទោះបីជាលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានទទួលមរណភាព លាចាកពីភពផែនដីដ៏ស្រស់បំព្រង ចាកឆ្ងាយពីកុមារជាទីកម្សត់របស់កម្ពុជាទៅហើយក្ដី តែមន្ទីរពេទ្យក៏ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយក្នុងបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា ដោយឥតគិតថ្លៃ ឲ្យមានភាពរលូន និងកាន់ប្រសើរបន្ថែមទៀត។

សូមជម្រាបថា អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់គ្រប់ៗគ្នាថា ជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរសនោះ ​នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ២,១៨៨,៨៨៨ដុល្លារអាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បី​ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយការប្រគល់ថវិកានេះ ត្រូវអ្នកឧកញ៉ា ហុង ពីវ ប្រគល់ជូនដោយផ្ទាល់ដៃ ដល់ប្រធាន​មន្ទីរពេទ្យគន្ធបុប្ជា។

នេះជាលើកទី៤ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ចាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជា ដល់មន្ទីរពេទ្យគន្ធបុប្ផា, ដោយកាលពីឆ្នាំ២០១៦ ឧបត្ថម្ភ១លានដុល្លារ, ឆ្នាំ២០១៧ ឧបត្ថម្ភ២លានដុល្លារ, ឆ្នាំ២០១៨ ឧបត្ថម្ភ ២,១៦៨,៨៨៨ដុល្លារ និងឆ្នាំ២០១៩នេះ ២,១៨៨,៨៨៨ដុល្លារអាមេរិក។

សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយ ដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា។

សូមរំលឹកថា កាលខែឧសភា ឆ្នាំ២០១៦ ជួយឧត្ថម្ភថវិកា ៣៦ម៉ឺនដុល្លារ សម្រាប់ជួយសាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ អ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១លាន២៨ម៉ឺនដុល្លារអាមេរិក (១,២៨០,០០០ដុល្លារ) ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី(១៥៣,១៥៤,១៥៥) ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា។

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ជួយឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ៣៤៥ខ្នង។ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ចែកអង្គរសែនក្រអូប ៣៨០តោន តម្លៃជាង ២០ម៉ឺនដុល្លារពីធនាគារស្រូវ ចែកជូនប្រជាពលរដ្ឋ និងបុគ្គលិក កម្មករ ក្នុងក្រុមហ៊ុន។

ថ្ងៃទី០៨ ខែតុលា ដែលជាថ្ងៃខួបកំណើតកូនស្រីអ្នកឧកញ៉ា ហុង ពីវ បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្សខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី និងថ្វាយតង្វាយថវិកា ១០ម៉ឺនដុល្លារ និងអង្ករ ៦០០តោន តម្លៃជាង ៣២ម៉ឺនដុល្លារ ដើម្បីព្រះមហាក្សត្រយកទៅចែកជូនប្រជារាស្រ្តក្រីក្រ និងនៅថ្ងៃទី១៣ ខែតុលា ឧកញ៉ា ហុង ពីវ បានជួយនាំយកកុមារីពិការភ្នែកទាំងសងខាងម្នាក់ទៅព្យាបាលនៅក្នុងប្រទេសសិង្ហបុរី៕