(ភ្នំពេញ)៖ ក្រោមកិច្ចសហការរៀបចំពីសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងសមាគមសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយនិរន្តរភាព (AOTS), រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយបណ្ដាប្រទេសក្នុងតំបន់ចំនួន ១៧ប្រទេសទៀត បានជួបប្រជុំគ្នាដើម្បីរួមគ្នាសិក្សាពីសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាថ្មី ក្នុងការផ្លាស់ប្តូរបរិយាកាសប្រកួតប្រជែងលើទីផ្សារ។

ពិធីជួបជុំពិភាក្សាគ្នានេះ ធ្វើឡើងនាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានរបស់ប្រតិភូតំណាងសហព័ន្ធ និងសមាគមនិយោជកមកពីបណ្តាប្រទេសក្នុងតំបន់ចំនួន១៧ រួមមាន៖ ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ឡាវ ម៉ាឡេស៊ី ម៉ិចស៊ិក ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ បង់ក្លាដេស ប៉ាគីស្ថាន ស្រីលង្ការ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានវេទិកាដ៏មានសារសំខាន់នេះ ដើម្បីសិក្សាស្វែងយល់ ប្រៀបធៀប និងធ្វើការចែករំលែកស្ថានភាពការងាររបស់ប្រទេសនីមួយៗ ដើម្បីឱ្យអ្នកចូលរួមអាចមានចំណេះដឹងអំពីទំនាក់ទំនងវិជ្ជាជីវៈ ការគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងការងារត្រីភាគី។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា វេទិការនេះពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតនូវឱកាសដល់ការទាក់ទាញអ្នកវិនិយោគអន្តរជាតិ ព្រមទាំងរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងសមាគមនិយោជកនៅក្នុងតំបន់ សហព័ន្ធនិយោជក និងសមាគមពាណិជកម្មកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី បណ្តាញទំនាក់ទំនងជាលក្ខណៈអន្តរជាតិមួយនេះឡើង។

វេទិការនេះទៀតសោត ក៏នឹងផ្តល់ឱកាសឱ្យម្ចាស់អាជីវកម្មកម្ពុជាអាចកសាងបណ្តាញទំនាក់ទំនង និងស្វែងរកដៃគូសហការវិនិយោគ នាពេលអនាគត ពីបណ្តាប្រទេសចូលរួមទាំងនេះផងដែរ។

បច្ចុប្បន្នកម្ពុជា កំពុងបន្តអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅពេលខាងមុខប្រកបដោយសុទិដ្ឋិនិយម ដោយផ្អែកលើកត្តាមួយចំនួន រួមមាន៖
ទី១៖ កត្តាខាងក្នុង សន្តិភាព និងស្ថិរភាព ជាគន្លឹះសម្រាប់ការវិនិយោគ និងជំរុញដោយកត្តាផលិតកម្ម។
ទី២៖ ការបន្តធ្វើឱ្យប្រសើឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ជាក៏កត្តាទាក់ទាញវិនិយោគទុនបរទេស និងការឈោងចាប់យក ចំណែកទីផ្សារសាកលលោកដែលនិយមប្រើប្រាស់ផលិតផលចេញពីប្រភព ពីប្រទេសដែលគ្មានការរំលោភបំពានសិទ្ធិកម្មករ តាមបទដ្ឋានអន្តរជាតិ។
ទី៣៖ កត្តាខាងក្រៅ ស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលបន្តមានភាពមិនប្រាកដប្រជាកាន់តែមានភាពស្មុគស្មាញ និងប្រែប្រួលឆាប់រហ័សដោយសារការកើតឡើងនូវសង្គ្រាមពាណិជ្ជកម្ម ការដំឡើងអត្រាការប្រាក់ការកើនឡើងថ្លៃប្រេង និងកំណើនយឺតនៅក្នុងប្រទេសអភិវឌ្ឍជាដើម។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានកែទម្រង់នូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយបែបបទពាណិជ្ជកម្ម ថ្លៃសេវារដ្ឋបាល និងថ្លៃអគ្គិសនីជាដើម។

ទន្ទឹមនេះ ការកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤ ដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលដល់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទៅលើរបៀបរបបនៃប្រតិបត្តិការអាជីវកម្ម និងការងារគ្រប់ប្រភេទ។ ស្ថិតក្នុងបរិការណ៍នេះ ដើម្បីបន្តរក្សាបាននូវភាពប្រកួតប្រជែង កម្ពុជាប្តេជ្ញាខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយជាតិ ដែលបានដាក់ចេញកន្លងមក ជាពិសេសគោលនយោបាយជាតិ ស្តីពីការអភិឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅសម្រេចឱ្យបាននូវក្តីប្រាថ្នារបស់កម្ពុជាក្នុងការប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕