(បៃលិន)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ​ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញបូជា ទៀន​ ធូប​ ផ្កាភ្ញី​ និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយដល់អាស្រមលោកយាយយ៉ាត ។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ​ បាន​អញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ផ្លែឈើថ្វាយព្រះរតនត្រ័យ​ ព្រមទាំងប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ ដែលគង់នៅវត្តភ្នំយ៉ាត​ និងវត្តរតនៈសោភ័ណ​ (ហៅវត្តកោងកាង) ដែលស្ថិតនៅក្រុងបៃលិន ខេត្ដបៃលិន​ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា តែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា​ និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប​ ផ្កាភ្ញី​ ថ្វាយព្រះសម្មាសម្ពុទ្ធ​ និងនាំយកទេយ្យវត្ថុជាច្រើន​ រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់​ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែរីកចម្រើន។

ជាក់ស្ដែងនៅថ្ងៃនេះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកទេយ្យវត្ថុប្រគេនវត្តចំនួនពីរខាងលើនេះ រួមមាន​៖​ អង្ករ​ ២០០គីឡូក្រាម​ មី​ ១០កេស​ ត្រីខ​ ៣កេស​ សាច់ក្រក​ ១០គីឡូក្រាម​ ត្រីងៀត​ ១០គីឡូក្រាម​ ស្ករស​ ១០គីឡូក្រាម​ ទឹកដោះគោខាប់​ ៥កេស​ អូវ៉ាន់ទីន​ ៥កេស​ មៀនកំប៉ុង​ ២កេស​ តែ​ ៥គីឡូក្រាម​ ទឹកក្រូច​ ១០កេស​ ទឹកបរិសុទ្ធ​ ១០កេស​ និងបច្ច័យ​ ៥លានរៀល​ ព្រមទាំងបច្ច័យផ្ទាល់ខ្លួនរបស់លោកស្រីថ្នាក់ដឹក ជាសប្បុរសជនចូលរួម ចំនួន​ ៣,៥០០ដុល្លារអាមេរិក​ និង​៥០ម៉ឺនរៀលបន្ថែមទៀតផងដែរ ។

ដោយឡែក​ ប្រគេន​ព្រះចៅអធិការ​វត្ត​នីមួយៗ សាដក​១​ និងបច្ច័យ​១លានរៀល, ប្រគេនព្រះសង្ឃ​ ៩អង្គ​ គង់នៅវត្តភ្នំយ៉ាត​ និងព្រះសង្ឃ​ ៦៩អង្គ​ នៅវត្តរតនៈសោភ័ណ​ ក្នុង​១អង្គ​ៗ​ សាដក់១​ និងបច្ច័យ​១០ម៉ឺនរៀល។

សម្រាប់ជូនយាយជី​ តាជី​ ទាំងពីរវត្តសរុបចំនួន​៣២នាក់​ ក្នុងម្នាក់ៗ​ ថវិកា​៥ម៉ឺនរៀល​ និងក្រណាត់ស​១ដុំ​ ថវិកា​១ម៉ឺនរៀល​ទៀត ជាអំណោយរបស់​ សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​។ ក្នុងនោះក៏បានជូនក្រណាត់ស​ ២០ដុំ​ និងថវិកា​ ២លានរៀល​ សម្រាប់កុមារ​ ២០នាក់​ ដែលស្នាក់នៅរៀនសូត្រក្នុង​វត្តភ្នំយ៉ាតផងដែរ ។

កាយវិការដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្នុងពុទ្ធសាសនានេះ​ ទទួលបានការវាយតម្លៃ​ និងកោតសរសើរខ្ពស់ ពីព្រះសង្ឃ​ យាយជី​ អាចារ្យវត្ដ និងប្រជាពុទ្ធបរិស័ទទូទៅ ៕